ភ្នំពេញ៖ អ្នកម្នាង អ៊ុក ផល្លា ជាអតីតតួអង្គអប្សរាស និងតួសុវណ្ណមច្ឆា ដ៏ឆ្នើមក្នុងរបាំព្រះរាជទ្រព្យ នាទសវត្សរ៍ទី៩០ ដែលទទួលបាន ការបង្ហាត់បង្រៀនផ្ទាល់ពីសំណាក់សម្ដេចរាជបុត្រី ព្រះរាម នរោត្ដម បុប្ផាទេវី ជានាដវដ្ដីឯក នៃព្រះបរមរាជវាំង។អ្នកម្នាង អ៊ុក ផល្លា គឺជានាដការដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ដែលមហាជនខ្មែរនាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ បានស្គាល់ ។ ជាមួយនឹងចំណង់ចំណូលចិត្ត លើវិស័យសិល្បៈបុរាណខ្មែរ កុមារី អ៊ុក ផល្លា បានចូលហ្វឹកហាត់របាំបុរាណខ្មែរ តាំងពីតូចរហូតបានក្លាយជាសិស្សដ៏គាប់ព្រះទ័យម្នាក់របស់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក ។ ជាមួយនឹងការពុះពារតស៊ូគួបផ្សំនឹងទេពកោសល្យដ៏ជំនាញ រួមទាំងរូបឆោមដ៏ស្រស់សោភាផងនោះ កញ្ញា អ៊ុក ផល្លា បានក្លាយជាតួអង្គឯករបាំអប្សរាស ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ពិសេសក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ តែម្តង ដោយរូបភាពរបស់នាង ត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញព័ត៌មាននានា ក្នុងនាមជានារីរាំរបាំបុរាណដ៏លេចធ្លោ នៅក្នុងប្រទេសកម្ពុជា ។

ជាពិសេសរូបនាងក៏បាន ចូលរួមចំណែកក្នុងការបង្អួតពីរបាំបុរាណ ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ តាមរយៈការបង្ហាញខ្លួនដ៏ល្វតល្វន់ នៅលើឆាកតូចធំនានា ប្រកបដោយភាពស្រស់ស្អាត ថ្លៃថ្នូរ និងទេពកោល្យ ។ក្រោយមករូបនាងបានចាកឆ្ងាយ ពីជីវិតជាសិល្បៈករបន្តិចម្តងៗបន្ទាប់ពីបាន ចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ ជាមួយនឹងសា្វមីដែលជាមន្ត្រីធំមួយរូបរួចមក ។ យ៉ាងណាក៏ដោយ ជីវិតអាពាហ៍ពិពាហ៍នេះ មានរយៈពេលមិនយូរប៉ុន្មានឡើយ ខណៈដែលក្រោយមកទៀត លោកស្រី អ៊ុក ផល្លា ត្រូវបានសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ សព្វព្រះទ័យ និងបានសាងជីវិតគ្រួសារ ជាមួយគ្នារហូតដល់បច្ចុប្បន្ន និងត្រូវបានគេស្គាល់ថាជា អ្នកម្នាង នរោត្តម ផល្លារណឬទ្ធិ ។


ក្នុងជីវិតជាគ្រួសាររាជវង្ស អ្នកម្នាង ទទួលបានបុត្រាពី ២អង្គគឺទ្រង់ នរោត្តម សុធាឬទ្ធិ និងទ្រង់ នរោត្តម រ៉ាណាវង្ស ដែលមានព្រះជន្មមិនទាន់បាន ១០វស្សានៅឡើយ ។ ជាអកុសល អ្នកម្នាង បានទទួលមរណភាព ក្នុងគ្រោះថ្នាក់ចរាចរដ៏អាក្រក់មួយនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើទឹកដីខត្តព្រះសីហនុ បន្ទាប់ពីបានរួមដំណើរ ជាមួយព្រះស្វាមី ដើម្បីចុះសួរសុខទុក្ខប្រជាជនដែលជាសមាជិក សមាជិកា គណបក្សហ្វ៊ុនសុិនបុិច ។សូមវិញ្ញាណក្ខន្ធអ្នកម្នាង បានបដិសន្ធិក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពនៅអាយុ៣៩ឆ្នាំ «កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៩» ហើយអ្នកម្នាងក៏បានឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ លំដាប់លេខរៀងទី១ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច សម្រាប់មណ្ឌលព្រៃវែង។គ្រោះថ្នាក់ចរាចរ ដែលបានឆក់យកជីវិតរបស់អ្នកម្នាង គឺកើតឡើងនៅលើផ្លូវជាតិលេខ៤ ក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់គីឡូម៉ែត្រលេខ ២០០-២០១ កាលនៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៨នេះ ដែលបានបណ្ដាលឱ្យមនុស្សធ្វើដំណើរក្នុងរថយន្ត៧នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល៕