(ព្រះសីហនុ) ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក អ្នកម្នាង អ៊ុក ផល្លា បានសោយទីវង្គត នៅវេលាម៉ោងជាង១២រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធ កាលពីព្រឹកមិញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅរសៀលថ្ងៃនេះថា អ្នកម្នាង អ៊ុក ផល្លា ពិតជាបានសោយទីវង្គត តាំងពីវេលាម៉ោង១២៖២៣នាទី ដោយសាររបួសធ្ងន់ធ្ងរពេក។ ខណៈដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកសង្គ្រោះបន្ដនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ៕