ខេត្តព្រះសីហនុ៖ យុវជនម្នាក់ ក្រោយធ្វើសកម្មភាព លួចកាច់សោរកម៉ូតូ បានសម្រេចនិងជិះរត់គេច បានប៉ុន្មានម៉ោង ត្រូវម្ចាស់ប្តឹងសមត្ថកិច្ច ស្ទាក់ចាប់បានវិញ នៅវេលាម៉ោង ៥និង៣០នាទី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពៅ សេង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានបាត់ម៉ូតូមួយគ្រឿងម៉ាក ZOOMER X ពណ៌ក្រហម-ស គ្មានស្លាកលេខ បានទុកចោលនៅខាងមុខផ្ទះ ត្រូវបានជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពលួច កាច់សោរកម៉ូតូរួចជិះចេញទៅបាត់។ ភ្លាមនោះម្ចាស់ម៉ូតូ បានទៅដាក់ពាក់ប្តឹងសមត្ថកិច្ច ភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យបាន១នាក់ ក្នុងចំណោម២នាក់ ឈ្មោះ ស៊ូ ភី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចបាត់ ។
វត្ថុតាងចាប់យកបានមាន ម៉ូតូ១គ្រឿង ម៉ាក ZOOMER X ពណ៌ក្រហម-ស គ្មានស្លាកលេខ បានរៀបចំឯកសារ និងប្រគល់ឲ្យម្ចាស់ដើមវិញ ។ ចំណែកជនសង្ស័យត្រូវនំាយក ទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាត់ការតាមនីតិវិធី៕
ដោយ៖ សុវណ្ណ ដេត