អគ្គីភ័យបានលេបត្របាក់​កុដិ​លេខ៤ មួយខ្នងនៅវត្ត​លង្ការ

ភ្នំពេញ៖ អគ្គីភ័យបានលេបត្របាក់​កុដិ​លេខ៤ មួយខ្នងនៅវត្ត​លង្ការ បណ្តាលឲ្យមានកាភ្ញាក់ផ្អើល ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង១និង២០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅ​ចំណុច​វត្ត​លង្ការ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គេ​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​កន្លែង​អាសនៈ​ព្រះ​នៅក្នុង​កុដិ​លេខ៤ ហើយ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែម្ដង ទើប​បង្ក​ជាការ​ភ្ញាក់ផ្អើល​ដល់​កូនសិស្សលោក និង​ដូនជី ដែល​សម្រាក​នៅក្នុង​កុដិ នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ តែដោយសារ​អណ្តាតភ្លើង​ឆេះ​ខ្លាំងពេក ទើប​នាំគ្នា​រត់​ចេញមកក្រៅ​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍។ រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង បាន​ចេញមក​អន្តរាគមន៍ និង​បាន​ប្រើប្រាស់​អស់​ចំនួន ១៩គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង។

កុដិ​លេខ៤ បាន​រង​ការខូចខាត​អស់​មួយ​ខ្នង​ទាំងស្រុង និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត មាន​ម៉ូតូ​របស់​សិស្ស និង​និស្សិត ដែល​ស្នាក់​នៅក្នុង​វត្ត​ចំនួន៣គ្រឿង ត្រូវបាន​អំណាច​ព្រះ​អគ្គី​លេប​ត្របាក់​ខ្ទេច​អស់​តែម្តង តែ​សំណាង​មិនមាន​មនុស្ស​រងរបួស​នោះទេ។ សមត្ថកិច្ច​បានបញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​នេះ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី(ទុស្សេ​ខ្សែភ្លើង)៕