
រាជធានីភ្នំពេញ ៖ គូរស្នេហ៍ស្រស់សោភាមួយគូ ជិះម៉ូតូមួយគឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្តាលអោយរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តែដោយសារដោះស្រាយមិនត្រូវគ្នា ភាគីខាងបុរសបានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកនារីជាសង្សារអោយសង់ជំនួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។


នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក Highlander ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-6084 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានបម្រុងបត់ឆ្វេងទៅផ្លូវហាណូយ ពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក Ducati ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ឌុបនារីម្នាក់ទៀតដែលជាសង្សារនឹងគ្នា បានជិះមកពីក្រោយក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកគូទរថយន្តខាងលើ ចំពីក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យផុងកាងនិងបែកស្តុប បន្តិចបន្តួចប៉ុណ្ណោះ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។


បន្ទាប់មកភាគីទាំងសងខាងក៏បានដោះស្រាយគ្នា ដោយភាគីខាងរថយន្តបានទាមទារសំណងចំនួន១០០ដុល្លារប៉ុណ្ណោះ ពីភាគីខាងម៉ូតូ តែបុរសម្ចាស់ម៉ូតូព្រមសងតែ៥០ដុល្លារទេ ធ្វើអោយការដោះស្រាយមិនត្រូវគ្នា ទើបមួយសន្ទុះក្រោយមក បុរសដែលជាអ្នកបើកបរម៉ូតូបានសុំសងសំណង ទៅភាគីខាងរថយន្តចំនួន៦០ដុល្លារ ដើម្បីបញ្ចប់រឿង តែភាគីខាងរថយន្តមិនព្រមទទួលទេ។ ភ្លាមនោះបុរសជាអ្នកបើកម៉ូតូបានឡើងម៉ូតូរបស់ខ្លួន ជិះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនារីម្នាក់ដែលជាសង្សារនៅនិងកន្លែងកើតហេតុ។


ក្រោយពេលកើតហេតុនារីរូបស្រស់ដែលជាសង្សារបុរសម្ចាស់ម៉ូតូ បានហៅម៉ូតូឌុបមក បម្រុងជិះចេញពីកន្លែងកើតហេតុដែរ តែត្រូវអ្នកបើកបររថយន្តឃាត់មិនអោយទៅ ក៏បង្កអោយមានការឈ្លោះប្រកែក យ៉ាងទឹងសរសៃកដាក់គ្នា ទើបមួយសន្ទុះក្រោយមកនារីរូបស្រស់រងគ្រោះ ក៏ព្រមជួយចេញសំណងជំនួសសង្សាររបស់ខ្លួន ចំនួន៥០ដុល្លារ ឲ្យទៅភាគីខាងរថយន្ត ដោយភាគីខាងរថយន្តមិនចង់មានរឿងវែងឆ្ងាយក៏ព្រមទទួលយកដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
ប្រភព៖ ព័ត៌មានបន្ទាន់ៗក្នុងសង្គម