រថយន្ត CRV បុកម៉ូតូ បណ្តាល​ឲ្យ​អ្នក​បោស​សំរាមម្នាក់របួសធ្ងន់…

ភ្នំពេញ៖ ករណីនេះកើតឡើងកាលពី រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រង់ចំណុច​ជិត​ក្រុមហ៊ុន លក់​រថយន្ត Mecedez តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ព្រំប្រទល់​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ សាក់ អាយុ២៣ឆ្នាំ មុខរបរ​កម្មករ​បោស​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី ស្នាក់នៅ​ម្ដុំ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត កណ្តាល។
ចំណែកឯ​អ្នកបើកបរ​រថយន្ត CRV ស្លាក​លេខ​ភ្នំពេញ 2P-9739 ដែល​បង្កហេតុ​នោះ នៅ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ។

នៅ​មុនពេល​កើតហេតុ គាត់​និង​យុវជន​រងគ្រោះ​បាន​ជិះ​ឌុប​គ្នា​មក​បោស​សំរាម​តាមផ្លូវ៦០ម៉ែត្រ ខណៈពេល​ទុក​ម៉ូតូ​នៅ​អែប​ចិញ្ចើមផ្លូវ ហើយ​កំពុង​បោស និង​ប្រមូល​សំរាម​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​CRV ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-9739 បើក​យ៉ាង​លឿន ទិសដៅ​ពី​ជើង​មក​ត្បូង មិនដឹងថា​កើត​អី​ទេ បានមក​បុក​ចំ​ម៉ូតូ​និង​យុវជន​ជា​កម្មករ​បោស​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទាត​ប្លោង បោក​និង​ថ្នល់ រងរបួស​ធ្ងន់ធ្ងរ ហើយ​រថយន្ត​បង្កហេតុ​មិន​ព្រម​ឈប់​ដោះស្រាយ​នោះទេ បាន​ព្យាយាម​បន្ថែម​ល្បឿន​បើក​រត់គេច ទើប​គាត់​ស្រែក ឆោ​រ​ឡោ​ឡើង​ដើម្បីអោយ​គេ​ជួយ ដេញចាប់​រថយន្ត​បង្ក​នោះ​ផង ហើយ​បាន​អ្នករត់ម៉ូតូឌុប​ជួយ​ដេញតាម តែ​រថយន្ត​បង្ក​ចូលក្នុង​ការដ្ឋាន​បុរី​ប៉េង​ហ៊ួ​ត រួច​ប្លុង​រថយន្ត​ចោល ក្បែរ​តូប​កម្មករ​ស្នាក់​នៅក្នុង​ការដ្ឋាន​បុរី​ប៉េង​ហួត​តែម្ដង រួច​រត់​គេចខ្លួនបាត់​ស្រមោល ។

ចំណែកឯ​យុវជន​ដែលជា​កម្មករ​បោស​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី​ដែល​របួសធ្ងន់​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​និងបងៗអ្នករត់ម៉ូតូឌុប​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​អោយមក​ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​រុស្សីភ្លាមៗផងដែរ ៕

ប្រភព៖ FB
ដោយ​៖ សុវណ្ណ​ ដេត