ជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋមួយចំនួននៅ ខេត្ត…

ខេត្ត​កោះកុង​៖ នៅស្រុកស្រែអំបិលខេត្តកោះកុង នាថ្ងៃទី១៧កក្កដា២០១៨នេះ ក៍មានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋមួយចំនួនដែរ សេចក្តីរាយការណ៍ពីមន្ត្រីអោយដឹងថា ចាប់តាំងពីម៉ោង១០ព្រឹក កម្លាំងអធិការដ្ឋាន ន គរបាលស្រុកសហការជាមួយកម្លាំង​អន្តរាគមន៍​នគរបាលមកពីស្នងការដ្ឋាននគរបាលខេត្ត​ និងកម្លាំង​អាវុធហ​ត្ថស្រុក​ សរុប​ជាង៣០រូប បានចុះជួយ​សង្គ្រោះ ជម្លៀស និង​ ជញ្ជូនសម្ភារៈ របស់ប្រជា​ពលរដ្ឋ ក្នុងភូមិព្រះអង្គកែវ ឃុំដងពែង​ ស្រុកស្រែអំបិលទៅកាន់ទីទួលមានសុវត្តិភាព​ ដោយបានសង់រោងប្រក់តង់កៅស៊ូអោយពលរដ្ឋស្នាក់នៅជាបណ្តោះអាសន្នផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។

បើតាមសមត្ថកិច្ចដែលចុះជួយពលរដ្ឋផ្ទាល់ថ្លែងថា ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ កន្លងមកនេះភ្លៀងបានធ្លាក់ជាប្រចាំទាំងថ្ងៃទាំងយប់ នៅក្នុងស្រុកស្រែអំបិល ធ្វើឲ្យទឹកជន់លិច នៅចំណុចត្រពាំងរាំង ក្នុងភូមិព្រះអង្គកែវ ឃុំដងពែង​ ស្រុកស្រែអំបិល។ទោះជាយ៉ាងនេះក្តី ហេតុការណ៍នេះមិនបណ្តាលឲ្យមានរងគ្រោះថ្នាក់ដល់មនុស្ស ឫសត្វឡើយ​។

ជាមួយគ្នានេះ ក្នុងស្ថានភាពទឹកកំពុងឡើងខ្លាំង អជ្ញាធរខេត្តកោះកុងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងព្រែក ក្នុងស្រុកស្រែអំបិល មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះ​ស្ថានភាពទឹកតាមដងព្រែកកំពុងមានការកើនឡើង មិនទាន់ស្បើយឡើយ៕

ប្រភព៖ FB