ភ្នំពេញ ៖ នារីស្រស់ ស្អាតម្នាក់ ស្រវឹងធុំក្លិនស្រាហួង ជិះម៉ូតូរេពេញផ្លូវដួលរបួសបែកមុខ បែកមាត់ នៅខណ្ឌពោធិសែនជ័យ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខេកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

នារីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រហែល២១ឆ្នាំ ក្នុងស្ថានភាពស្រវឹង ធំទាំងក្លិនសុរាទៀតផង ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Z-3186 ។
មុនកើតហេតុ គេឃើញនារីខាងលើជិះម៉ូតូម្នាក់ឯង ក្នុងស្ថានភាពស្រវឹង រេពេញផ្លូវ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ទប់ចង្កូតលែងជាប់ ដួលភីងម្នាក់ឯង បណ្តាលឲ្យរងរបួសបែកមុខ មាត់ ហូរឈាមកក្លាក់ ខូចអស់រលីងសម្ភស្ស ។

នៅកន្លែងកើតហេតុ នារីខាងលើក្រោយពីផឹកស្រវឹង ដួលបានសម្រេច របួសប៉ុណ្ណឹងហើយ និយាយប៉ប៉ិចប៉ប៉ោច បបួលគេឯង រកស្រាផឹកទៀត ពិតជាចិត្តនារីក្លាហានមែន ដោយឃើញឈាមហូរច្រើនពេក ពលរដ្ឋ កម្មករ ក្បែរនោះជួយហៅ រករថយន្តសង្គ្រោះរបស់អង្គភាព៧១១ ទៅជួយដឹកយកទៅសង្គ្រោះ បែរជានារីរូបនេះ នៅតែបញ្ចេញចរឹកក្លាហាន បែរជាបបួលក្រុមអ្នកសង្គ្រោះ ទិញស្រាផឹកសិន មុនយកគេទៅពេទ្យ « អស់ទាស់ហ្មង» ។

តែទោះជាយ៉ាងណាក្តី វិជ្ជាជីវៈ ជាអ្នកសង្គ្រោះ ជនរងគ្រោះក្នុងសភាពបែបណាក្តី ផ្តោតសំខាន់លើក្រមសិលធម៌ ថ្លៃថ្នូរ អនុវត្តន៍ទៅតាមជំនាញរបស់ខ្លួន ដើម្បីសង្គ្រោះអាយុជីវិតមនុស្ស ពោលមិនគិតពីជនរងគ្រោះក្នុងសភាពបែបណាក៏ដោយ ហើយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ជនរងគ្រោះស្ថិតក្នុងសភាពវង្វេងបាត់ស្មារតី និយាយលែងដឹងខុសត្រូវ ប្រជាពលរដ្ឋ អាជ្ញាធរ ក្រុមគ្រូពេទ្យ សូមអំពាវនាវផងដែរ ដល់សាច់ញាតិ ក្រុមគ្រួសារ មេត្តាមកជួយមើលថែ ផ្តល់កម្លាំងចិត្ត ដល់ជនរងគ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ ៕
(វិដេអូ)
ប្រភព៖ FB