បង្ក្រាបចោរប្លន់ពូថៅដៃម្នាក់ ដែលបានធ្វើសកម្មភាពកាប់ ( ប្លន់ ) ម៉ូតូបានសំរេច តែរត់មិនរួច…

 

ខេត្តបាត់ដំបង៖ ក្រុមអន្តរាគមន៍បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់)ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ នៅថ្ងៃពុធ ១៣ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១២:៥០នាទី នៅចំណុចភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលស្រុកសង្កែ អធិការដ្ឋាននគរបាលស្រុកឯកភ្នំ
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបន្ទាយមានជ័យ និង អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានចុះប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ីន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាព ( ប្លន់ ) វាយយកម៉ូតូ របស់ជនរងគ្រោះឈ្មោះ ថៃ ធៀង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។


វត្ថុតាងដកហូតរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង1S 0318 កុំព្យូទ័រលេបថបពណ៌ខ្មៅមួយគ្រឿង ទូរស័ព្ទដៃម៉ាក Iphone មួយគ្រឿង ទូរស័ព្ទដៃ ម៉ាក camfone មួយគ្រឿងទៀត ពូថៅ ចំនួន ០១ ។

បច្ចុប្បន្នក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យនិងវត្ថុតាងទាំងអស់អោយទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។

ប្រភព៖ FB