អស្ចារ្យមែន Lexus UX សុីសាំងប្រហែល ៦-៧ លីត្រ បើជិះ ១០០ គីឡូដី 😍

រថយន្ត​ប្រភេទ SUV ខ្នាត​តូច​ដ៏​ប្រណីត​របស់​ក្រុមហ៊ុន Lexus ម៉ូដែល UX ស៊េរី​ឆ្នាំ ២០១៩ កំពុង​រង់ចាំ​បង្ហាញ​ខ្លួន នៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​រថយន្ត 2018 New York International Auto Show ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ មីនា ដល់ ថ្ងៃ​ទី ០៨ ខែ មេសា ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

លោក Chica Kako អគ្គនាយក​ក្រុមហ៊ុន Lexus បាន​ថ្លែង​ថា “រថយន្ត Lexus UX ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អ្នក​រុករក​ទីក្រុង​សម័យ​ទំនើប ដែល​ស្វែងរក​ការ​បើកបរ​បែប​ទាន់​សម័យ”។

UX ត្រូវ​បាន​ផលិត​ឡើង​នៅ​លើ​គ្រោង​ឆ្អឹង​ថ្មី ហៅថា GA-C (Global Architecture – Compact) ដែល​មាន​នៅ​លើ​រថយន្ត Toyota Prius, C-HR, Auris, Corolla និង Avensis ផង​ដែរ។

Lexus UX នឹង​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន ២ គឺ UX 200 បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ​ ២,០ លីត្រ​​ មាន​ស៊ីឡាំង​ចំនួន​ ៤ ដែល​អាច​បង្កើត​កម្លាំង​បាន​ ១៦៨ សេះ និង​រត់​ដោយ​រង្វិល​កង់​ខាង​មុខ (Front-Wheel Drive)។ ចំពោះ​ប្រព័ន្ធ​បើកបរ​ប៉ុង ២ (All-Wheel Drive) មាន​បំពាក់​លើ​​ម៉ូដែល​ UX 250h (Hybrid) ដែល​មាន​បំពាក់​ម៉ាស៊ីន​ស៊ីឡាំង ៤ អម​ជាមួយ​នឹង​ម៉ូទ័រ​​អគ្គិសនី​មួយ ដែល​បង្កើត​កម្លាំង​បាន​សរុប ១៧៦ សេះ។ ទាំង ២ ម៉ូដែល​នេះ​សុទ្ធ​សឹង​តែ​ប្រើប្រាស់​ប្រអប់​លេខ​ប្រភេទ CVT។

យោង​តាម​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ខាង​លើ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ចំពោះ​ម៉ូដែល UX 200 នឹង​មាន​កម្រិត​ស៊ីសាំង ៧,១ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។ ចំណែក​ឯ​ម៉ូដែល UX 250h ស៊ីសាំង​ត្រឹមតែ ៦,២ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។

សូម​បញ្ជាក់​ថា រថយន្ត Lexus UX ដ៏​ថ្មី​សន្លាង​នេះ ក៏​បំពាក់​នូវ​លក្ខណៈ​ពិសេស និង​បច្ចេកវិទ្យា​សុវត្ថិភាព​ជា​ច្រើន​ផង​ដែរ ដូចជា មុខងារ Apple CarPlay និង Amazon Alexaintegration ខណៈ​បច្ចេកវិទ្យា Lexus Safety System+ នាំ​មក​នូវ​មុខងារ Lane Tracing Assist, Dynamic Radar Cruise Control, Automatic High Beams, Road Sign Assist និង Pre-Collision System ដែល​អាច​ចាប់​យក​អ្នកដំណើរ​ថ្មើរជើង​នៅ​ពេល​យប់​បាន​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា Lexus នៅ​មិន​ទាន់​បាន​ប្រកាស​ពី​តម្លៃ​របស់​វា​នៅ​ឡើយ​ទេ ខណៈ UX 200 និង UX 250h នឹង​ត្រូវ​ផលិត​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ ហើយ​ចាប់ផ្ដើម​ចេញ​លក់​នៅ​ខែ​ធ្នូ៕

ប្រភព៖ អូតូបូឌៀ – Autobodia