ក្រុមហ៊ុន Toyota ទើប​តែ​បាន​បញ្ចេញ​ម៉ូដែល Crown ជំនាន់​ថ្មី ដែល​បាន​ទទួល​ការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​ចាប់អារម្មណ៍

រថយន្ត Toyota Crown ជំនាន់​ទី ១៥ នេះ គឺ​ជា​រថយន្ត​ជំនាន់​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន ដែល​ទទួល​បាន​មុខងារ “Data Communication Module” ដែល​ផ្តល់​នូវ​ទំនាក់ទំនង ២៤ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ផ្តោត​លើ​សុវត្ថិភាព , សន្តិសុខ , ផាសុខភាព និង ភាព​ងាយស្រួល លើ​ការ​បើកបរ​ក្នុង​ពេល​វេលា​ជាក់ស្តែង​តែម្តង។

ឈរ​នៅ​លើ​គ្រោងឆ្អឹង TNGA រថយន្ត Toyota Crown ស៊េរី​ថ្មី​នេះ​បាន​បំពាក់​ប្រព័ន្ធ​ប៊ូម​មុខ-ក្រោយ Multi-Link Suspension និង​ផ្តល់​នូវ​ជម្រើស​ប៉ុង ១ ប្រភេទ Rear-Wheel Drive (កាឡេ​ក្រោយ) និង ប៉ុង ២ ប្រភេទ All-Wheel Drive (កាឡេ​មុខ-ក្រោយ) ផង​ដែរ។

អតិថិជន​នៅ​ក្នុង​ប្រទេស​ជប៉ុន នឹង​ទទួល​បាន​ម៉ាស៊ីន​ចំនួន ៣ ជម្រើស គឺ ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ២៤១ សេះ ប្រើ​ប្រអប់លេខ​ស្វ័យប្រវត្តិ ៨ វគ្គ និង ប៉ុង ១ ប្រភេទ Rear-Wheel Drive ខណៈ​ម៉ាស៊ីន ២ ទៀត​គឺ​ជា​ប្រភេទ Hybrid។

ម៉ាស៊ីន Hybrid ទី​មួយ​គឺ ចំណុះ ២,៥ លីត្រ ប្រភេទ Dynamic Force ទំហំ ៤ ស៊ីឡាំង និង​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​បង្កើត​កម្លាំង​បាន​សរុប ២២២ សេះ ហើយ​មាន​ជម្រើស ប៉ុង ១ ប្រភេទ Rear-Wheel Drive និង ប៉ុង ២ ប្រភេទ All-Wheel Drive ផង​ដែរ។ រីឯ​ម៉ាស៊ីន Hybrid ទី​ពីរ​នោះ​គឺ ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង និង​ម៉ូទ័រ​អគ្គិសនី​មួយ បង្កើត​កម្លាំង​បាន​សរុប ៣៥៤ សេះ និង​មាន​តែ​ជម្រើស​ប៉ុង ១ ប្រភេទ Rear-Wheel Drive ប៉ុណ្ណោះ។

ជា​មួយ​គ្នា​នេះ​ផង​ដែរ ប្រសិន​បើ​អ្នក​ចង់​បាន Toyota Crown ដែល​មាន​ភាព​ស្ព័រ​ខ្លាំង នោះ​អ្នក​អាច​ជ្រើសរើស​ប្រភេទ RS បាន ដែល​វា​មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbo រួម​ទាំង កង់ Alloy ទំហំ ១៨ អ៊ីញ និង កន្ទុយ​ត្រី​ខាង​ក្រោយ​ទៀត​ផង។

No automatic alt text available.

Image may contain: car

Image may contain: car

បើ​និយាយ​ពី​ផ្នែក​ខាង​ក្នុង​របស់​វា​វិញ រថយន្ត​ប្រភេទ Saloon នេះ បាន​បំពាក់​អេក្រង់​ភ្លោះ​ថ្មី ទំហំ ៨ អ៊ីញ និង ៧ អ៊ីញ។ គ្រប់​ម៉ូដែល Crown ទាំង​អស់ បាន​បំពាក់​មុខងារ Drive Mode Select ដែល​អាច​ជ្រើស​រើស​ប្រភេទ​នៃ​ការ​បើកបរ រួម​ទាំង កញ្ចប់ Option “Toyota Safety Sense” ដែល​រួម​បញ្ចូល​មុខងារ Pre-collision System with Pedestrian Detection, Dynamic Radar Cruise Control, Lane Tracing Assist, Road Sign Assist និង​មុខងារ​ជា​ច្រើន​ទៀត​ផង​ដែរ។

សូម​បញ្ជាក់​ថា រថយន្ត Toyota Crown ស៊េរី​ថ្មី​ចុង​ក្រោយ​បង្អស់​នេះ បាន​ដាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន តម្លៃ​ចាប់​ពី ៤ ៦០៦ ២០០ យ៉េន ឬ​ស្មើ​នឹង ៤១ ២០០ ដុល្លារ សម្រាប់​ប្រភេទ​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbo៕

ប្រភព៖ អូតូបូឌៀ – Autobodia