គួឲ្យអស់សំណើច.! ចោរល្ហេមល្ហាម ជិះម៉ូតូកញ្ចាស់គ្នា៣នាក់ទៅឆក់ទូរស័ព្ទគេបានសំរេច ពេលជិះរត់ មូលហ្គែរ ហុយតែផ្សែង មិនលឿនទៅមុខ ត្រូវសមត្ថកិច្ចចាប់ជាប់ទាំងបីនាក់

ភ្នំពេញ៖ ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៨៤ កែងនិងផ្លូវលេខ ៦៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។


ជនសង្ស័យទាំង៣នាក់ ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ស្ទាក់ចាប់បាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក Iphone5 មួយគ្រឿងពីស្ត្រីម្នាក់បានសម្រេចហើយ ព្យាយាមជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែដោយសារម៉ូតូកញ្ចាស់ជិះគ្នា៣នាក់មិនចង់ទៅមុខ បណ្ដាលឲ្យបុករថយន្តមួយគ្រឿងដួល ភ្លាមនោះកម្លាំងល្បាតនៅក្បែរជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។

មន្រ្តីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនមានទី១-ឈ្មោះ ជួន បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ ,ទី២-ឈ្មោះ ង្វៀង ទ្រីមីលិន ភេទទី៣ (ស្រីធ្វើ ប្រុស) អាយុ ២២ឆ្នាំ ,និងទី៣-សរ រក្សា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំខាងក្រោយពេទ្យកាល់ម៉ែត ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។ចំណែកឯនារីរគ្រោះមានឈ្មោះ ឆេង ចិន្តា អាយុ ៣១ឆ្នាំ មុខរបជាបុគ្គលិក បម្រើការ ងារនៅក្នុងហាងម្ហូបចិនមួយកន្លែង ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្រ្តីដដែរបន្តទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរចេញពីកន្លែងធ្វើការរបស់នាងបំណងទៅផ្ទះវិញ ដោយដើរបណ្ដើរនិយាយទូរស័ព្ទបណ្តើរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យមួយក្រុមមានគ្នា ៣នាក់ នាំគ្នាជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AI-៥៤១៤ មួយគ្រឿង មកធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃរបស់នាងបានសម្រេចតែម្តង ។ ភ្លាមនោះនាងក៏ស្រែកឆោឡោឡើងធ្វើឲ្យពួកគេភ័យក៏ជិះ ម៉ូតូទៅបុកនិងរថយន្តមួយគ្រឿង បណ្តាលឲ្យដួលគាប់ជួនកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះនាំគ្នាចាប់ក្របួចជាប់ទាំង៣នាក់ រួមទាំងវត្ថុតាងផងដែរ ។

ក្រោយកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង មកកាន់នគរបាលប៉ុស្តិ៍ស្រះចក ដើម្បីសាកសួរ និងកសាងសុំណំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញចាត់ការទៅតាមច្បាប់ ។ ចំណែកទូរស័ព្ទដៃម៉ាក Iphone5 មួយគ្រឿងប្រគល់ឲ្យទៅជនរងគ្រោះវិញ ៕

ប្រភព៖ FB