
ក្រុងព្រះសីហនុឮ៖ អភិបាលក្រុងព្រះសីហនុ បានក្រើនរំលឹកអោយពលរដ្ឋឬអ្នកពាក់ពន្ធ័បញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ប៉ះពាល់ដីចំណីផ្លូវឬដីចំណីអូរ ដើម្បីរួមគ្នា កាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងនិងសណ្តាប់ធ្នាប់ទូទៅ ដោយសារថាបញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ នៅតែបន្តកើតមាន

រាល់ពេលមានភ្លៀងខ្លាំងម្តងៗ ពិសេសការជន់លិចតាមតំបន់ទំនាប និងតាមផ្លូវមួយចំនួនក្នុងក្រុង បើទោះជាញឹកញាប់ អជ្ញាធរក្រុងព្រះសីហនុ និងអជ្ញាធរខេត្ត បានធ្វើយុទ្ធនាការ ចុះកាយ រំដោះបើកផ្លូវទឹកហូរ ដែលកន្លែងខ្លះកកស្ទះដោយសារសំរាមបិទមាត់លូបង្ហូរទឹក ឬការសាងសង់សំណង់ប៉ះពាល់ដីចំណីអូរជាដើម។

ជុំវិញបញ្ហានេះ លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុថ្លែងថា បច្ចុប្បន្ននេះ ក្រៅតែពីវិធានការអប់រំ រដ្ឋបាលក្រុងព្រះសីហនុ បានប្រើវិធានការរដ្ឋបាលបន្ថែមទៀត ដោយអោយកម្លាំងចម្រុះចុះរុះរើសំណង់ផ្សេងៗដែលអជ្ញាធរពិនិត្យឃើញថា ជាការសាងសង់ខុសច្បាប់រំលោភប៉ះពាល់លើដីចំណីផ្លូវឬដីចំណីអូររំដោះទឹក ដែលជាកត្តានាំអោយស្ទះចរន្តទឹកហូរ ពេលមានភ្លៀងខ្លាំងម្តងៗ។

ករណីនេះ លោកអភិបាលក្រុងព្រះសីហនុ បានអំពាវនាវបន្ថែមអោយពលរដ្ឋ ឬអ្នកពាក់ពន្ធ័ចូលរួមរុះរើសំណង់ផ្សេងៗ ដែលសង់ប៉ះពាល់ចំណីអូរដោយការស្មគ្រ័ចិត្ត មុនពេលអជ្ញាធរចុះរុះរើ ដែលនឹងមិនមានការទទួលខុសត្រូវលើការខូចខាតអ្វីឡើយ៕


ប្រភព៖ Huy Bunleng