ភ្នំពេញ៖ បុរសម្នាក់ ត្រូវប៉ូលីសចាប់ដាក់ខ្នោះក្នុងហេតុការណ៍ហិង្សាក្នុងគ្រួសារ នឹងបង្កររបួសស្នាមដល់អ្នកជិតខាង ដែលកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ផ្លូវលំ ក្រុមទី៣៣ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនបង្កហេតុ ឈ្មោះ ខៃ ពិសិទ្ធ ហៅក្រៅ (ចាន់ថា) ភេទប្រុស អាយុ៣០ឆ្នាំជាង មានស្រុកកំណើតនៅភូមិខ្លា ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល (ជាប្ដី) ។
រីឯស្ត្រីជាប្រពន្ធឈ្មោះ ផល សារី អាយុ២២ឆ្នាំ មានកូនប្រុសម្នាក់ តែឲ្យទៅនៅជាមួយជីដូន នៅឯស្រុកកំណើត ភូមិឬស្សីជ្រោយ ស្រុកឬស្សីជ្រោយ ខេត្តកណ្តាល និងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយគ្នាក្បែរកន្លែងកើតហេតុ។

ចំណែកអ្នកជិតខាងដែលរងរបួសធ្ងន់ទី១ ឈ្មោះ រស្មី អាយុជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ និងម្នាក់ទៀតជាសាច់ថ្លៃ សុំមិនបញ្ចេញឈ្មោះ ត្រូវមួយកាំបិតចំថ្ងាស។
តាមការបំភ្លឺរបស់ស្ត្រីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានត្រលប់មកពីធ្វើការរោងចក្រវិញ ពេលមកដល់បន្ទប់ក៏បើកទ្វារចូលទៅឃើញមានចានឆ្នាំងប្រលាក់រួចក៏ប្រមូលលាង ប្រហែលជាមួយសន្ទុះក្រោយមក ប្តីរបស់នាងបានមកពីផឹកស៊ី ទាំងមានសភាពស្រវឹងស្រាទន់ខ្លួន រួចបានមកសួរនាំរករឿងរូបនាង តែដោយសារខ្លាចមានរឿង ទើបមិនសូវឆ្លើយជាមួយនិងប្តី ហើយភ្លាមនោះប្តីរបស់នាងក៏ខឹងនិងឈ្លោះទាស់សម្ដីគ្នាពេញក្នុងបន្ទប់ ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ជួលជិតនោះចេញមកមើលតែម្តង ។

ជនរងគ្រោះបន្តទៀតថា ភ្លាមនោះប្ដីរបស់ខ្លួនក៏ស្រែកដាក់អ្នកជិតខាងទាំងនោះថា “រឿងប្ដីប្រពន្ធខ្ញុំទេ ខ្ញុំឈ្លោះយប់ហ្នឹង ស្អែកឡើងត្រូវគ្នាវិញហើយ” ដោយសារតែមិនចង់ឲ្យមានរឿងទើបនាងអូសដៃប្ដីឲ្យចូលក្នុងបន្ទប់ ស្រាប់តែកើតជម្លោះម្តងទៀតរហូតក្លាយជាអំពើហិង្សា ដោយប្ដីរបស់នាងបានដាល់នាងមួយដៃដាច់ផ្ងារ បែកអំពិលអំពែកតែម្ដង ឃើញដូច្នេះទើបអ្នកជិតខាង និងបងៗសាច់ថ្លៃ នាំគ្នាចូលមកជួយឃាត់ប្តីរបស់នាង នឹងបានប្រទាញប្រទង់រុញគ្នាទៅមក ហើយក៏នាំរូបនាងចេញទៅបន្ទប់របស់សាច់ថ្លៃនាងនៅជិតនោះវិញ រួចលាបប្រេងកូឡា ។

ស្រ្តីរងគ្រោះបន្តថា បន្តិចក្រោយមកប្ដីរបស់នាង ក៏បានដើរមកសួររកនាង ចង់នាំទៅបន្ទប់វិញ តែត្រូវបុរសរងគ្រោះខាងលើម្នាក់ដែលមិនបញ្ចេញឈ្មោះ (ត្រូវជាប្តីរបស់សាច់ថ្លៃនាង) ហាមឃាត់មិនឲ្យទៅទេព្រោះខ្លាចបុរសជាប្តីវាយធ្វើបាបទៀត ទើបប្ដីរបស់នាងខឹងក៏ទៅយកកាំបិតប៉័ងតោ លាក់ក្រោយខ្នងមកកាប់ទៅលើបុរសរងគ្រោះចំក្បាលផ្នែកខាងមុខ និងកាប់ចំបុរសម្នាក់ទៀតឈ្មោះរស្មី ដែលជាអ្នកជិតខាង របួសធ្ងន់ដាច់សាច់ស្មាខាងឆ្វេង ឈាមហូរជោគខ្លួនតែម្តង ។ ភ្លាមនោះអ្នកជិតខាងទ្រាំមិនបានក៏ព្រួតវាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរបួសបែកមុខបែកមាត់ និងពកក្បាលជាច្រើនកន្លែងដែរ និងដកយកកាំបិតចេញមកទុក រួចរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកឃាត់ខ្លួនបុរសជាប្តីតែម្តង ។

ក្រោយកើតហេតុ បុរសរងគ្រោះទាំង២នាក់ និងស្ត្រីជាប្រពន្ធដែលជាជនរងគ្រោះផងនោះ ត្រូវអ្នកជិតខាងនាំគ្នាជួយដឹកតាមម៉ូតូបញ្ជូនទៅគ្លីនិកឯកជន ដើម្បីសង្គ្រោះនិងព្យាបាលផងដែរ ។ លុះនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ភាគីបុរសរងគ្រោះទាំង២នាក់ និងស្ត្រីរងគ្រោះជាប្រពន្ធ បាននាំគ្នាមកប៉ុស្តិ៍ ដើម្បីសុំសម្របសម្រួលគ្នាចេញថ្លៃព្យាបាលរបួស រួចឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំនិងផ្ដិតមេដៃ នៅចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿងតែម្តង ៕
ប្រភព៖ FB