វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៨ ចាប់ផ្តើមវគ្គប្រកួតដំបូង

ក្រសួងបរិស្ថានបានរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០១៨ដែលជាព្រឹត្តិការណ៍ប្រកួតពិភាក្សាទ្រង់ទ្រាយធំសម្រាប់និស្សិតកម្រិតបរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យចំនួន១៦គ្រឹះស្ថាន ទាំងក្នុងរាជធានីភ្នំពេញ និងខេត្ត ដើម្បីជជែកពិភាក្សាគ្នាអំពីបញ្ហាបរិស្ថាន ដោយផ្តោតលើវិស័យកិច្ចគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

គោលបំណងនៃកិច្ចផ្តួចផ្តើមនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់យុវជន ក្នុងការជជែកវែកញែកនិងស្វែងរកលទ្ធផលសិក្សាស្រាវជ្រាវថ្មីៗ អំពីបញ្ហាបរិស្ថានដែលជាគុណតម្លៃដល់ការចែករំលែកចំណេះដឹងនិងព័ត៌មានដល់សាធារណជន។

ពិធីបើកនៃការប្រកួតវគ្គដំបូង បានប្រព្រឹត្តទៅនាព្រឹកអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមាននិស្សិតនិងស្ថាប័នដៃគូពាក់ព័ន្ធចូលរួមប្រមាណជាង១៥០នាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC)។

ប្រធានបទនៃការជជែកពិភាក្សាក្នុងវគ្គដំបូងនេះមានចំនួន៨គឺ

១.ការប្រើប្រាស់បច្ចេកវិទ្យា ដែលធន់នឹងអាកាសធាតុក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធអាចឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា

២.កម្ពុជាគួរពង្រឹងការចាត់វិធានការបញ្ឈប់ការដុតសំណល់នៅទីចំហរ

៣.ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺជាឧបសគ្គរារាំងដល់ការអភិវឌ្ឍ

៤.ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិជាកត្តាសំខាន់រួមចំណែកដល់កិច្ចការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា

៥.ការចូលរួមពីសហគមន៍មូលដ្ឋានជាកត្តាចាំបាច់បំផុត ដើម្បីធានានិរន្តរភាពទេសចរណ៍ធម្មជាតិ

៦.ការការពារនិងអភិរក្សធនធានព្រៃឈើប្រឈមនឹងការអភិវឌ្ឍ

៧.សកលលោកនឹងមិនអាចសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង១៧បានទេនៅឆ្នាំ២០៣០និង

៨.ធនធានព្រៃឈើ និងសត្វព្រៃមិនអាចលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានបានទេ។

ថ្លែងក្នុងពិធីបើក ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា វេទិកានេះ គឺជាឱកាសដ៏មានសារសំខាន់សម្រាប់ឱ្យនិស្សិតបានបញ្ចេញនូវមតិទស្សនៈ និងយោបល់ទាក់ទងនឹងវិស័យបរិស្ថាន។

ការចូលរួមចំណែករបស់ប្អូនៗនិស្សិត មានភាពចាំបាច់ណាស់ក្នុងកិច្ចការពារបរិស្ថាន ដើម្បីធ្វើអោយប្រទេសជាតិទាំងមូលទទួលបាននូវបរិស្ថានស្អាត។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងឱ្យដឹងពីភាពចាំបាច់នៃការងារអប់រំបរិស្ថានសម្រាប់ជីវិតមនុស្សគ្រប់គ្នា ហើយក្រសួងអប់រំ យុវជន និងកីឡា នឹងនៅតែគាំទ្រក្រសួងបរិស្ថាន និងពង្រឹងគុណភាពបរិស្ថាននៅក្នុងក្របខណ្ឌសាលារៀនទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ក្រសួងនឹងធ្វើការចងក្រងសហគមន៍អាស៊ាន និងធ្វើការសិក្សាចងក្រងតាមបែបសហគមន៍ ដើម្បីបណ្តុះបំណិនជីវិតពាក់ព័ន្ធនឹងការការពារបរិស្ថាន៕

ប្រភព៖ Ministry of Environment

ដោយ៖ SVD