
អ៊ីរ៉ង់៖ ហេតុការណ៍ដ៏រន្ធត់ចិត្តមួយ បានកើតឡើងនៅប្រទេសអ៊ីរ៉ង់ បណ្ដាលឱ្យមនុស្ស ៩នាក់បាត់បង់ជីវិត និងជាង ២០នាក់រងរបួសដោយគ្រាប់កាំភ្លើង បន្ទាប់ពីក្រុមសកម្មជនអនាមិក បើកការបាញ់រះមកលក្បួនព្យុហយាត្រា នៅភាគខាងលិចប្រទេសអ៊ីរ៉ង់។ សកម្មភាពនៃការបាញ់ប្រហារគ្នានេះ ត្រូវថតបានដោយទាហានអ៊ីរ៉ង់ ដែលមើលទៅគ្រោះថ្នាក់បំផុត។

បើតាមប្រភពព័តមាននានា បានឱ្យដឹងថា ការបាញ់ប្រហារនេះ ធ្វើឡើងដោយជនដៃដល់ ៤នាក់ ដែលក្នុងនោះដែរ សកម្មជន ២នាក់ ត្រូវបានកងកម្លាំងបាញ់សម្លាប់នៅនឹងកន្លែង ឯ ២នាក់ទៀត ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបាញ់តដៃគ្នាមួយសន្ទុះធំ។ ហេតុការណ៍ដ៏គ្រោះថ្នាក់នេះ បានបណ្ដាលឱ្យកងកម្លាំងការពារបដិវត្តនរបស់ប្រទេសអ៊ីរ៉ង់ ៩នាក់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

ចំពោះអ្នករងរបួសជាង ២០នាក់ផ្សេងទៀត ក៏មានស្ត្រី និងកុមារ ដែលបានចូលរួមនៅក្នុងពិធីព្យុហយាត្រានោះផងដែរ។ នៅមិនទាន់មានក្រុមណា អះអាងទទួលខុសត្រូវលើការវាយប្រហារមួយនេះទេ។
ទោះបែបនេះក្ដី អាជ្ញាធរបានដាក់ការសង្ស័យទៅលើក្រុមជ្រុលនិយមមួយចំនួនដូចជា Ahwazi និង Takifiri ជាដើម ដែលធ្លាប់បង្កហេតុច្រើនលើករួចមកហើយ។

គួរបញ្ជាក់ដែរថា ព្យុហយាត្រាដ៏ធំមួយនេះ ត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីកម្លាំងយោធាជាច្រើននាក់។ កម្មវិធីបានប្រព្រឹត្តទៅនៅតាមទីក្រុងនានា រួមទាំងរដ្ឋធានីតេអីរ៉ង់ផងដែរ ដើម្បីជាការរំលឹកសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ ដែលអូសបន្លាយពេលចាប់ពីឆ្នាំ ១៩៨០ រហូតដល់ឆ្នាំ ១៩៨៨។ ជាអកុសល នៅថ្ងៃនេះ ស្រាប់តែមានហេតុការណ៍ដ៏រន្ធត់កើតឡើង បណ្ដាលឱ្យមនុស្សស្លាប់បែបនេះតែម្ដង៕

(មានវិដេអូ)
ប្រភព៖ FB