(ភ្នំពេញ) ៖ គ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត ដោយសារជិៈម៉ូតូត្រូវរថយន្តស្ទូចបុក ហើយកិនពាក់កណ្តាលខ្លួន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើដងផ្លូវបេតុងព្រៃស(ចំការដូង) ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពេជ្រ សុខ អាយុ ៣៥ឆ្នាំ ជាមន្រ្តីយោធាកងអង្គរក្ស (ក្រាំងចេក) មានឋានន្តរស័ក្ត វរៈសេនីយ៍ទោ មានភរិយាទើបមានផ្ទៃពោះប្រហែល៥ទៅ៦ខែ និងមានទីលំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជាអ្នកបើកម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-5257 ។ ចំណែករថយន្តប្រភេទស្ទូច ពាក់ស្លាកលេខ ភ្នំពេញ 3B-6408 ។

ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច រីរថយន្តបង្កធ្វើដំណើរពីព្រៃសខាងជើងទៅព្រៃសខាងកើត ក៏បុកជាមួយម៉ូតូរងគ្រោះរួចកិនទាំងម៉ូតូ និងមនុស្សនៅក្រោមឡាន បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ។
តៃកុងរថយន្តបង្ក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ។

ក្រោយកើតហេតុ មិត្តភក្ដិនិងក្រុមគ្រួសារជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ រីឯរថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕



ប្រភព៖ FB