
រាជធានីភ្នំពេញ៖ មុននេះបន្តិច បុរសម្នាក់បែកក្បាលហូរឈាមជោគខ្លួន បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង ក្រោយក្រុមជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយដុំថ្ម បានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទ៤គ្រឿង និងលុយ ជាង២លានរៀល បានសម្រេច ហើយរត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ដេញស្ទាក់ឃាត់ខ្លួនបានម្នាក់ វាយខ្នោះបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗតែម្ដង ខណៈដែលបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍វាយប្លន់បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០:២០នាទីព្រឹក ថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក អ៊ំ រតនា នាយនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចលោកឃាត់ខ្លួនបានមានឈ្មោះ អ៊ុយ សុវណ្ណ ហៅ “ម៉ាប់” ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ រងរបួសធ្ងន់បែកក្បាលដេរ ។

បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនបាននោះ កំពុងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ធ្វើការសាកសួរ ដើម្បីស្រាវជ្រាវរកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕


(មានវិដេអូ)
ប្រភព៖FB