បុរសជនជាតិចិន បើករថយន្តឡិចស៊ីស បុកម៉ូតូបណ្តាលអោយបុរសខ្មែរម្នាក់ ស្លាប់ភ្លាមៗនៅជិត…(មានវិដេអូ)

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវបែកជាបួន​ ត្រង់ផ្លូវលេខ១៣៤ កែងផ្លូវលេខ១៣៩ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមានឈ្មោះ ឆាយ ភេទប្រុស អាយុ២៥ឆ្នាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Wave-S ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-9918 ធ្វើដំណើពីលិចទៅកើត។

លុះធ្វើដំណើរដល់ចំណុចកើតហេតុ​ ដែលចំណុចផ្លូវបែកជាបួន ស្រាប់តែមានរថយន្ត LEXUS RX300 ពណ៌ទឹកមាស មួយគ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ​ 2Q-2257 បើកបរដោយបុរសជនជាតិចិនម្នាក់ និងអ្នករួមដំណើរប្រុសស្រី២នាក់ផ្សេងទៀត ក្នុងនោះមាននារីជនជាតិខ្មែរ រូបស្រស់ម្នាក់ បានបើកបុកម៉ូតូយ៉ាងពេញទំហឹង រួចកិនអូសម៉ូតូជាប់ក្រោមរថយន្តខាងមុខ ប្រហែលជិត២០ម៉ែត្រ បានបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ភ្លាមៗនោះដែរ ជនជាតិចិន ដែលបើករថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ផងដែរ។

ក្រោយកើតហេតុបានបន្តិច ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានមកដល់ ហើយស្រែកទ្រហោយំទាំងក្ដីអាឡោះអាល័យ ​និងសោកស្ដាយបំផុត ចំពោះការបាត់បង់​កូន និងសមាជិកគ្រួសារ មិនគួរណាជិះមកជិតដល់ផ្ទះហើយ បែរជាជួបគ្រោះថ្នាក់បណ្ដាលស្លាប់យ៉ាងរន្ធត់បែបនេះទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង រួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F2203905339827739%2F&show_text=0&width=560

ប្រភព៖ Heng ly