សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បុរសម្នាក់ ជាប់សង្សយ័លើករណីរថយន្ត ម៉ាក​តូយ៉ូតា​ព្រូស២គ្រឿង មានស្លាកលេខដូចគ្នា

ភ្នំពេញ ៖ ការឃាត់ខ្លួននេះធ្វើឡើង​នៅ​ភូមិ​ចម្រើន​ផល សង្កាត់​បឹងទំពុន១ ខណ្ឌមានជ័យ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ម្ចាស់​ស្លាក​លេខ​រថយន្ត​ពិត ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​ទី១រកស​ខ្មៅ ដោយ​ជាប់ចោទ​លួច​ស្លាក​លេខ​រថយន្ត​របស់​គេ មក​បំពាក់​លើ​រថយន្ត​របស់​ខ្លួនឯង ។ រថយន្ត​ដែលមាន​ស្លាក​លេខ​ដូចគ្នានេះ ម៉ាក​តូយ៉ូតា​ព្រូស​ខុស​តែ​ពណ៌​ប៉ុណ្ណោះ និង​មាន​ស្លាក​លេខ​២AM-៣០០៥ ។

ជនសង្ស័យ​មានឈ្មោះ ផុន ផានិត ភេទ​ប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​សូ​នី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែក​បក្សពួក​ផ្សេងទៀត​គេចខ្លួនបាត់ ។ រីឯ​ម្ចាស់​លេខ​រថយន្ត​ពិត​ឈ្មោះ ឡុង សិរី​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ១៩ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ១០២ ផ្លូវលំ សង្កាត់​បឹងទំពុន១ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃ៩ មិថុនា ២០១៨កន្លងមក ជនរងគ្រោះ​យក​រថយន្ត​របស់ខ្លួន​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ក្រហម ស៊េរី​ឆ្នាំ២០០៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AM-៣០០៥ មក​ចត​ទុក​នៅ​កន្លែងកើតហេតុ និង​ចូលទៅ​សម្រាក ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី១០ មិថុនា វេលា​ម៉ោង៧ព្រឹក ជនរងគ្រោះ​បាន​ចេញមក​យក​រថយន្ត​ទៅ​រៀន ស្រាប់តែ​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​បាត់អស់ ។ លុះដល់​ថ្ងៃទី២៦ កញ្ញា វេលា​ម៉ោង៣រសៀល ជនរងគ្រោះ​ក៏បាន​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​ដែល​បាត់ ត្រូវបាន​បំពាក់​ជាប់​នឹង​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស ស៊េរី​ឆ្នាំ២០១២ នៅ​ចំណុច​ជិត​ស្តុ​ប​ផ្សារ​សុរិយា ។

ជនរងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី៣ ធ្វើ​ការឃាត់​រថយន្ត​ខាងលើ និង​អ្នកបើកបរ​ដែលជា​ជនសង្ស័យ យកមក​កាន់​ប៉ុស្តិ៍​បឹងទំពុន​ទី១ ដើម្បី​សាកសួរ ។ តាម​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា តាម​ចម្លើយ​របស់​ជនសង្ស័យ​ថា គេ​មិនបាន​ដឹងថា ស្លាក​លេខ​រថយន្ត​នេះ​ត្រូវបាន​គេ​លួច​មក​បំពាក់​នោះទេ ព្រោះ​ខ្លួន​ទិញ​រថយន្ត​នេះ មាន​ស្លាក​លេខ​ស្រាប់​តម្លៃ១២០០០ដុល្លារ គឺ​ទិញតៗគ្នា​មករ​ត់​តាក់ស៊ី ។


ចំណែក​ម្ចាស់​ស្លាក​លេខ ដែល​ចោរលួច​និយាយថា ក្រោយ​ការបាត់​ស្លាក​លេខ ខ្លួន​ក៏​ទៅធ្វើ​ស្លាក​លេខ​ថ្មី​មក​បំពាក់​ជាមួយ​រថយន្ត​ដែល​បាត់​នោះ​វិញ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹងទំពុន១ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕

ប្រភព៖ FB