ឯកឧត្តម ឃួង ស្រេង ថា៖ មនុស្សចាស់ជាឃ្លាំងទ្រព្យនៃបទពិសោធន៍ ដែលមិនអាចខ្វះបាន សំរាប់ក្មេងៗជំនាន់ក្រោយ

(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ បានអះអាងថា មនុស្សចាស់មានគុណបំណាច់ខ្លាំងណាស់ ព្រោះគាត់បានជួយសង្គមជាតិ ហើយគាត់ធ្លាប់ដើរមុនក្មេងៗ ទាំងនេះជាបទពិសោធន៍ជាច្រើន សំរាប់ក្មេងៗជំនាន់ក្រោយ និងជាឃ្លាំងទ្រព្យនៃបទពិសោធន៍។

ក្នុងពិធីទិវាមនុស្សចាស់កម្ពុជា និងទវាមនុស្សចាស់អន្តរជាតិ នៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អះអាងថា “មនុស្សចាស់ ទោះបីពួកគាត់បានក្លាយជានិវត្តន៍ជនក៏ដោយ ប៉ុន្តែពួកគាត់នៅតែមានសមត្ថភាព និងជាប្រភពទុនមួយដ៏មិនអាចខ្វះបានសម្រាប់ជួយបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ដែលក្មេងខ្លះមិនអាចអនុវត្តការងារបានដូចមនុស្សចាស់នោះទេ”។

ឯកឧត្តម អភិបាលរាជធានីលើកឡើងទៀតថា មនុស្សចាស់ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល រហូតមានការជួយឧបត្ថមជាច្រើនរួមជាមួយនឹងការពិនិត្យព្យាបាល។ មនុស្សចាស់បានពន្យល់ទុកនូវគុណបំណាច់ជាច្រើនជូនជាតិមាតុភូមិ និងចូលរួម អភិវឌ្ឍន៍ ឈានដល់ការរីកចំរើន ដែលនេះហើយជាស្នាដៃដ៏ធំធេងសម្រាប់ក្មេងជំនន់ក្រោម។ ជាមួយគ្នានោះដែរ អភិបាលរាជធានីភ្នំពេញ អោយអាជ្ញាធរសង្កាត់ទាំង១០៥ នៅទូទាំងរាជធានី ត្រូវតែយកចិត្តទុកដាក់ដល់ពួកគាត់ ពិសេសសមាជិករបស់សមាគមមនុស្សចាស់ ដែលរដ្ឋបាលរាជធានីបានបង្កើតសមាគមរួចមកហើយនៅតាមសង្កាត់និមួយៗ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានលើកឡើងថា “តាមស្ថិតិ ឆ្នាំ២០១៧ មនុស្សវ័យចាស់នៅរាជធានីភ្នំពេញចាប់ពីអាយុ៦១ឆ្នាំឡើងទៅ មានចំនួន១៣៣,៣៦៣នាក់”។ លោកស្រីថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកជាអាទិភាពឲ្យមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ដាក់បញ្ជូលកម្មវិធី និងគ្រប់គ្រងសមាគមមនុស្សចាស់ ទៅក្នុងកម្មវិធីប្រជុំរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីឲ្យសង្កាត់ ក្នុងរាជធានី បន្តអនុវត្ត ចងក្រងពង្រឹងនិងពង្រីកជួយដល់សមាជិកសមាគមមនុស្ស ដែលបច្ចុប្បន្នមានចំនួនសមាជិកសរុប២០,១៦២នាក់ ក្នុងនោះមានស្រ្តី១១,៥៧៤នាក់។

លោកស្រី មុំ ចាន់ដានី មានប្រសាសន៍ដែរថា បញ្ហាចម្បងរបស់មនុស្សចាស់ មានបញ្ហាប្រឈមមុខនោះ គឺសុខភាព ស្មារតីចងចាំទន់ខ្សោយ ឱកាសរកប្រាក់ចំណូលតិចតូច ពិបាកក្នុងការធ្វើដំណើរ ជាពិសេស ត្រូវទទួលខុសត្រូវ ក្នុងការមើលថែផ្ទះសំបែង និងមើលថែកូនចៅ។

មនុស្សវ័យចាស់មួយចំនួនទៀត ដោយសារតែស្ថានភាពទូទល់ក្រ ចេញទៅស្វែងរកថវិកា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងមនុស្សវ័យចាស់មួយចំនួនតូចត្រូវបានកូនៗបោះបង់ចោល ដោយកូនពួកគាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេស ឬចាកចេញពីផ្ទះសំបែងយូរ ដោយទុកអោយមនុស្សចាស់មើលថែចៅៗ និងស្វែងរកថវិកា សម្រាប់ជីវភាពប្រចាំថ្ងៃ៕