រថយន្តឡិចស៊ីសRX300 បើកចុះពីលើស្ពានអាកាសក្បាលថ្នល់ បុករះរថយន្ត៣គ្រឿងបណ្តាលឲ្យ…(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានអាកាសក្បាលថ្នល់ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តចំនួន៤គ្រឿង បានរងការខូចខាត ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ខណៈដែលរថយន្តម៉ាកឡិចស៊ីស RX300មួយគ្រឿង បើកចុះពីស្ពានអាកាសក្បាលថ្នល់ ទៅបុកពីក្រោយរថយន្តCHEVROLET MINI ហើយរុញទៅបុករថយន្ត Highlander នឹងរថយន្ត Lexus 570 ពីរគ្រឿងទៀត បណ្ដាលឲ្យរថយន្ត CHEVROLET MINI ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ត៣គ្រឿងទៀតខូចខាតបន្តិចបន្តួច ។

តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលចរាចរណ៍កំពុងមានការកកស្ទះខ្លាំងនៅចំណុចកើតហេតុខាងលើ គេឃើញរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0032 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ ទៀត ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង ខណៈបើកចុះពីលើស្ពាន ក៏ជ្រុលទៅបុកពីក្រោយរថយន្ត CHEVROLET MINI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3821 បើកបរដោយ យុវតីរូបស្រស់២នាក់បងប្អូន ហើយរុញទៅបុកជាមួយនឹងរថយន្ត Highlander មួយគ្រឿងទៀត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AA-0164 បើកបរដោយបុរស៣នាក់ ហើយបន្តទៅបុកជាមួយនឹងរថយន្ត Lexus 570 ស៊េរីទំនើបមួយគ្រឿងទៀត (មិនចាំស្លាកលេខ ) បណ្ដាលឲ្យរថយន្ត CHEVROLET MINI ខូចខាត ខ្លាំងជាងគេ គឺខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ត៣គ្រឿងទៀត រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយបន្តិចបន្តួច ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍ រួចឲ្យភាគីរថយន្តទាំង៤គ្រឿង បើកចុះមកអែបក្បែរចិញ្ចើមផ្លូវ ដើម្បីដោះស្រាយគ្នាមួយជំហានសិន ព្រោះចរាចរណ៍កំពុងមានការកក ស្ទះ និង មមាញឹក យ៉ាងខ្លាំង ដោយមិនចង់វែងឆ្ងាយ និងមិនខូចខាតអ្វីធ្ងន់ទេ ម្ចាស់រថយន្ត ស៊េរីទំនើប Lexus 570 ក៏បានបន្តដំណើរទៅមុខបាត់ទៅ (ដោយមិនទាមទារសំណងអ្វីនោះទេ) ។

ក្រោយកើតហេតុ នៅសល់រថយន្តរងគ្រោះ២គ្រឿងទៀត បានហៅតំណាងនិងបងប្អូនមកជួយចរចា និងដោះស្រាយគ្នា ជិតកន្លះម៉ោង រួចមកទើបបុរសដែលបើករថយន្តបង្ក ព្រមសងថ្លៃខូចខាតទៅរថយន្ត Highlander និងធានាយករថយន្ត CHEVROLET MINI ទៅជួសជុលឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងតែម្តង ៕

ប្រភព៖ FB