
បើតាមការបញ្ជាក់របស់ម្ចាស់គណនី Facebook ឈ្មោះ ពលករស្មោះស្នេហ៍ បានឱ្យដឹងថា ពលករខ្មែរម្នាក់ឈ្មោះ ឈឿរ ជំនោរ ដែលត្រូវជាសាច់ញាតិរបស់ខ្លួន បានឆក់អគ្គិសនីស្លាប់លើបង្គោលភ្លើង អំឡុងពេលកំពុងការងារដ៏គ្រោះថ្នាក់មួយនេះកាលពីប៉ុន្មានម៉ោងមុន។ ពេលនេះ អាជ្ញាធរថៃកំពុងទាក់ទងរកសាច់ញាតិបងប្អូន ដើម្បីទទួលយកសាកសពមកធ្វើបុណ្យវិញ ។

បើតាមប្រភពដដែលបានឱ្យដឹងថា ប្អូនប្រុសរបស់ខ្លួន មានឈ្មោះ ឈឿរ ជំនោរ មានស្រុកកំណើតនៅភូមិថ្កូវ ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប។ រូបគេបំពេញការងារតាមបង្គោលភ្លើងបែបនេះអស់ពេលជាយូរហើយ ប៉ុន្តែនៅថ្ងៃនេះស្រាប់តែជួបហេតុការណដ៏សង្វេគ ដោយត្រូវឆក់អគ្គិសនីបែកចេញជាផ្កាភ្លើងគួរឱ្យរន្ធត់ចិត្ត។ ជនរងគ្រោះ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយមិនអាចជួយសង្គ្រោះទាន់ពេលវេលាឡើយ។

បើតាមអ្នកដែលបានស្គាល់ពលករខ្មែររូបនេះ បានឱ្យដឹងថា ឪពុករបស់គេមានឈ្មោះ ហៀត ចំណែកម្ដាយមានឈ្មោះ រត់ ដែលជាអ្នកភូមិថ្កូវ ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ដូចគ្នា។ ចំណែកហេតុការណ៍ខាងលើ បានកើតឡើងនៅស្រុកផាណាត់ និខុម ប្រទេសថៃ កាលពីប៉ុន្មានម៉ោងមុននេះ បណ្ដាលឱ្យមនុស្សជាច្រើនមានការរន្ធត់ចិត្តយ៉ាងខ្លាំង។បើតាមប្រភពពីពលករខ្មែរនៅទីនោះ បានបញ្ជាក់ថា អាជ្ញាធរថៃកំពុងធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់ ហើយមិនទាន់ដឹងថាត្រូវបញ្ជូនសពមកកម្ពុជាឆាប់ៗនេះ ឬយ៉ាងណានោះទេ។

ទោះបែបនេះក្ដី អាជ្ញាធរថៃ កំពុងព្យាយាមទាក់ទងរកសាច់ញាតិរបស់ជនរងគ្រោះដ៏កម្សត់នេះ ដើម្បីពិចារណាថា គួរចាត់ចែងយ៉ាងណាបន្តទៀត ទៅលើសពរបស់ជនរងគ្រោះ។

បើតាមវីដេអូដែលបង្ហោះដោយទំព័ររបស់ប្រទេសថៃ បានឱ្យដឹងថា ជនរងគ្រោះបានឆក់ផ្ទុះបែកផ្កាភ្លើងនៅលើបង្គោលរហូតដល់ស្លាប់។ ក្រោយមក ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសថៃ បានប្រើរថយន្តស្ទូច ដើម្បីឡើងទៅយកសាកសពមកវិញ និងមានរថយន្តពេទ្យ ចាំទទួលដឹកសាកសពផងដែរ។ នៅខាងក្រោម មានប្រជាជនថៃជាច្រើននាក់ នាំគ្នាឈរមើលហេតុការណ៍រន្ធត់នេះ៕
(មានវិដេអូ)
ប្រភព៖ FB