
ច្បាប់ពាណិជ្ជកម្មតាមអនឡាញ ( E-Commerce )នឹងត្រូវដាក់ឱ្យប្រើនៅក្នុងឆ្នាំ ២០១៩នេះហើយ ការធ្វើច្បាប់នេះ ត្រូវបានគេអះអាងថា គឺដើម្បីផ្តល់ភាពងាយស្រួល និង សុវត្ថិភាពដល់អ្នកទិញ និង អ្នកលក់ទំនិញតាមអនឡាញនេះ ។ បច្ចុប្បន្នច្បាប់នេះ គណៈរដ្ឋមន្ត្រីកំពុងពិនិត្យលើឯកសារមួយចំនួន ។

ឯកឧត្តម ថៅ សុខមុនី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩នេះថា ច្បាប់ពាណិជ្ជកម្មអនឡាញ ដែលក្រសួងពាណិជ្ជកម្មបានចងក្រងឡើង អស់រយៈពេលជាយូរឆ្នាំមកហើយ នៅពេលនេះកំពុងស្ថិតក្នុងដំណាក់កាល ពិនិត្យកម្រិតជំនាញនៅគណៈរដ្ឋមន្ត្រី ។ ហើយការដាក់ចេញច្បាប់ពាណិជ្ជកម្មអនឡាញនេះ ដើម្បីជំរុញផលិតផលក្នុងស្រុកឱ្យមានទីផ្សារកាន់តែទូលំទូលាយមានន័យថា ប្រជាជននៅកម្ពុជាមានប្រមាណ១៦លាននាក់ តែប្រសិនបើយើងលក់ទំនិញធម្មតា លក់បានត្រឹមតែ១៦លាននាក់ ប៉ុន្ដែបើលក់តាមប្រព័ន្ធអនឡាញ នឹងលក់បានច្រើនជាងនេះ មិនត្រឹមតែលក់ក្នុងស្រុកប៉ុណ្ណោះទេ តែលក់ដល់បរទេសថែមទៀតផង។

ឯកឧត្តម ថៅ សុខមុនី បានមានប្រសាសន៍បន្តទៀតថា ការដាក់ចេញច្បាប់ពាណិជ្ជកម្មអនឡាញនេះ គឺល្អប្រសើរបំផុតសម្រាប់កម្ពុជា ព្រោះផ្ដល់ប្រយោជន៍ដល់អ្នកលក់ និង អ្នកទិញមានន័យថា នៅពេលច្បាប់នេះចេញជាផ្លូវការ អ្នកលក់មិនអាចបោកប្រាស់អ្នកទិញ ដោយប្រការផ្សេងៗដូចជា៖ ទំនិញមិនដូចរូបភាព, ទំនិញគ្មានគុណភាព, គ្មានភាពទទួលខុសត្រូវលើការដឹកជញ្ជូន ឱ្យអតិថិជនផ្ញើលុយតែមិនផ្ញើទំនិញជាដើម។ ដោយឡែកសម្រាប់អ្នកទិញក៏ដូចគ្នាដែរគឺ មិនអាចបោកប្រាស់អ្នកលក់ ដោយប្រការផ្សេងៗឡើយ ៕
