បុរសជនជាតិថៃម្នាក់បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្ត និងកោតសរសើរជាខ្លាំងអំពីភក្ដីភាពចំពោះមិត្តស្រីដែលបានលាចាកលោកជាយូរទៅហើយ ដោយគាត់បានប្រមូលផេះពីការដុតសពមិត្តស្រី ដើរទៅបាចសាចនៅទីទួលខ្ពស់មួយកន្លែង។
ពីមុនយើងធ្លាប់ឮ និងឃើញគេបាចផេះពីការដុតសពនៅតាមដងទន្លេដើម្បីជាការឧទ្ទិសដល់វិញ្ញាណក្ខន្ឋឲ្យជួបតែសេចក្ដីសុខ ត្រជាក់ត្រជុំដូចទឹកបាតទន្លេ ប៉ុន្តែបុរសម្នាក់នេះបានជ្រើសទីទួលដ៏សែនឆ្ងាយ និងខ្ពស់ជាងគេបំផុតសម្រាប់បាចផេះមិត្តស្រីទៅវិញ។ ទីកន្លែងគាត់បាចនោះមានឈ្មោះថាទួល ដយអ៊ីនថានុន ដែលគាត់មិនធ្លាប់ទៅដល់ទេតាំងពីកើតមក តែធ្លាប់ល្បីថា ទួលនេះស្អាត ហើយធ្លាប់សន្យាជាមួយមិត្តស្រីថា គាត់នឹងនាំនាងទៅលេង ពេលពួកគេមានប្រាក់គ្រប់គ្រាន់។

បុរសរូបនេះមានឈ្មោះ សាកចៃ អាយុ ៣៩ឆ្នាំ រស់នៅខេត្តឧដនថានី បានរក្សាពាក្យសន្យាជាមួយមិត្តស្រីថា នាំនាងដើរកម្សាន្ត ពេលនេះក៏នាំមែន តែមិនមែនជាមនុស្សទេ គឺជាផេះរបស់សពមិត្តស្រី។ មិត្តស្រីគាត់បានស្លាប់តាំងពីខែតុលា ឆ្នាំ ២០១៦ ប៉ុន្តែគាត់នៅតែមិនអាចរកប្រាក់សម្រាប់ចាយវាយលើថ្លៃធ្វើដំណើរបាន ទើបសម្រេចចិត្តដើររុញរទេះចាស់មួយ អមជាមួយសុនខ ៣ក្បាល។

នៅពេលអ្នកយកព័ត៌មានបានជួបគាត់ដោយចៃដន្យ ហើយគាត់កំពុងរុញរទេះនៅខេត្តឈៀងម៉ៃ លោក សាកចៃ បានប្រាប់ថា គាត់ចាប់ផ្ដើមធ្វើដំណើរថ្មើរជើងចេញពីភាគខាងត្បូងខេត្តត្រាំង តាំងពីខែមករា ឆ្នាំ ២០១៧ មកហើយ។ តាមផ្លូវធ្វើដំណើរគាត់បានជួប និងរាប់អានមិត្តភ័ក្ដិ ៣នាក់ ជាសុនខអនាថា ក៏បានចូលរួមដំណើរជាមួយគាត់ដែរ។ ប្រភពដដែលរាយការណ៍ថា គាត់ធ្វើដំណើរតាមផ្លូវយប់ត្រឹមណា គាត់នឹងបោះតង់គេងជាយផ្លូវត្រឹមនោះ។

យូរៗម្ដង អ្នកដំណើរ ឬអ្នកភូមិណាអាណិត គេឲ្យអាហារ និងទឹកខ្លះទៅគាត់សម្រាប់បន្តដំណើរទៅមុខទៀត។ សុនខទីមួយគាត់បានជួបនៅខេត្តសមុទ្រប្រាកាន ដាក់ឈ្មោះ ក្រាក់ចៅ ទីពីរជួបនៅខេត្តពិស្នុលោក ឈ្មោះ ណាម៉ូ និងទី ៣ តូចជាងគេទើបជួបថ្មីៗនេះដែលគេបោះបង់ចោលនៅវាលស្មៅ។ នៅពេលអ្នកកាសែតសួរពីខ្មោចមិត្តស្រី គាត់ស្រាប់តែក្ដុកក្ដួលហូរទឹកភ្នែកមួយរំពេច។

គាត់និយាយរៀបរាប់ថា «ខ្ញុំ និងមិត្តស្រីមិនដែលឃ្លាតគ្នាទេ។ យើងធ្វើការជាមួយគ្នា សូម្បីសម្រាកក៏ជាមួយគ្នា បាយថ្ងៃត្រង់ជាមួយគ្នា។ ខ្ញុំមិនដឹងថា ការស្រលាញ់អាចវាស់បាន ឬអត់ទេ តែថ្ងៃមួយខ្ញុំនឹងឈប់យំ។ ខ្ញុំតែងតែគិតរឿងនេះ ពេលកំពុងដើរ។ អ្វីដែលខ្ញុំដឹងពេលនេះ គឺខ្ញុំធ្វើដើម្បីមនុស្សខ្ញុំស្រលាញ់ម្នាក់។ រឿងរ៉ាវរបស់គាត់ ត្រូវបានគេចែកចាយពាសពេញអ៊ីនធឺណិត និងបណ្ដាញសង្គម ធ្វើឲ្យគេអាណិតគ្រប់គ្នា៕