អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំ មិនអនុញ្ញាតឲ្យមន្ត្រីនគរបាលអគ្គិភ័យអាជីព ដើរលក់បំពង់ពន្លត់អគ្គិភ័យ ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលដ្ឋាន គ្រប់រាជធានី-ខេត្ត ឬទាមទារកម្រៃសេវាផ្សេងៗ ពីប្រជាពលរដ្ឋតាមខ្នងផ្ទះនោះឡើយ។


យោងតាមទំព័រហ្វសប៊ុកផ្លូវការ (Facebook Page) របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះថា សូមជម្រាបជូនសាធារណជនគ្រប់រាជធានី/ខេត្ត ឲ្យបានជ្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីណែនាំលេខ (០១២ ស.ណ.ន) ដល់មន្តីនគរបាលអគ្គិភ័យអាជីព នូវការមិនអនុញ្ញាតឲ្យចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលដ្ឋាន គ្រប់រាជធានី /ខេត្ត ដើរលក់បំពង់ពន្លត់អគ្គិភ័យ ឬទាមទារកម្រៃសេវាផ្សេងៗ ពីប្រជាពលរដ្ឋតាមខ្នងផ្ទះ (គ្មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិ ដែលតម្រូវលើថ្លៃសេវានោះទេ)។ឧទាហរណ៍ ៖ ថ្លៃប័ណ្ណ ឬតែម បិទលើបំពង់ពន្ល់អគ្គិភ័យ ដូចបានភ្ជាប់លើវិក័យបត្រ មិនត្រឹមត្រូវខាងក្រោមនេះ។
ករណីប្រជាពលរដ្ឋគ្រប់មូលដ្ឋានបានជួបករណីនេះ សូយរាយការណ៍មក នាយកដ្ឋាន ឬអគ្គស្នងការដ្ឋាននគរបាលជាតិ តាមយៈលេខ 117 ឬលេខ 078705705៕









