បន្ទាប់ពីទទួលដំណឹង ថាតារាកំប្លែងដ៏ល្បីឈ្មោះ នាយ កុយ និង នាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍នោះ លោកពែកមី ដែលជាតារាកំប្លែងរួមអាជីពនោះ ក៏បានបង្ហោះសារភ្លាមថា “លោកគ្រូកុយគ្រោះថ្នាក់ចរាចរណ៏ សូមជូនពរអោយលោកគ្រូឆាប់ជា🙏🙏🙏”។គួរបញ្ជាក់ផងដែរថា ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់ឲ្យដឹងនៅមុននេះបន្ដិចថា តារាកំប្លែងដ៏ល្បីនៅកម្ពុជា នាយកុយ និងនាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវលេខ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយរថយន្ដបែកកង់រេទៅបុកដើមឈើ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីរថយន្តបែកកង់រ៉េ ទៅបុកដើមឈើ។ ដោយរថយន្ដដែលតារាកំប្លែងទាំងពីរនាក់ធ្វើដំណើរនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-9968។លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ទៀតថា រថយន្ដនេះបើកបរដោយឈ្មោះ ជួង ជី (ហៅនាយកុយ) អាយុ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសកែងដៃស្តាំ និងអ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រិន) អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជនរងគ្រោះទាំងពីរធ្វើដំណើរ មកពីខេត្តរតនគរី ទៅរាជធានីភ្នំពេញ៕





