បន្ទាយមានជ័យ ៖ ទីតាំងកែច្នៃស្ករត្នោតក្លែងក្លាយមួយកន្លែង ផលិតជិត១០ឆ្នាំមកហើយ ទើបបែកធ្លាយនាពេលនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃ្លាំមើលរយៈពេលពេញមួយយប់ លុះព្រឹកឡើងថ្ងៃទី២៣ មករា ២០១៩ ទើបឆ្មក់ចូលបង្ក្រាបតែម្តង ។

ការចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃស្ករត្នោតក្លែងក្លាយនេះ ស្ថិតនៅភូមិចាន់គីរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ មានលោកស្នងការរងខេត្ត ទទួលបន្ទុកកិច្ចការងារប្រឆាំងបទល្មើស, លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត និងមន្ត្រីជំនាញជាច្រើនរូបទៀត ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផារឹទ្ធ ស្នងការរង បានអោយដឹងថា ម្ចាស់ទីតាំងឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរបន្ត នៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ។

លោកស្នងការរង បន្តថា ទីតាំងគ្មានច្បាប់អនុញ្ញាត ផលិតពុំមានអនាម័យ គ្មានបច្ចេកទេសស្តង់ដារត្រឹមត្រូវ និងសិប្បកម្មផលិតស្ករត្នោតគ្មានយីហោ គ្មានលើកស្លាក ។ ពេលចុះពិនិត្យ មន្ត្រីជំនាញរកឃើញវត្ថុតាងនៅក្នុងផ្ទះកើតហេតុ រួមមាន ៖ ស្ករអំពៅ(ស្ករស) ម៉ាកMITR PHOL ១៥ការ៉ុង ស្មើនឹង៩០០គីឡូក្រាម ឆ្នាំងខ្ទះត្នោតសម្រាប់រំងាស់ចំនួន២ ស្ករត្នោតមិនទាន់កែច្នៃចំនួន៣០ការ៉ុង ខ្ទះបំពាក់ម៉ូទ័រវាយស្ករត្នោតចំនួន១ សាច់ជូ ចំនួន៦០០ក្រាម ស្ករត្នោតកែច្នៃរួចចំនួន៥០គីឡូក្រាម កាធុនជ័រសម្រាប់ដាក់ស្ករ ២ ធុងជ័រធំ២ និងសម្ភារមួយចំនួនទៀត ។

ក្រោយពីចុះបង្ក្រាប បុរសជាម្ចាស់ទីតាំងសិប្បកម្មផលិតស្ករត្នោតខាងលើ បានសារភាព នៅចំពោះមុខសមត្ថកិច្ចចម្រុះថា ខ្លួនបានផលិតស្ករត្នោត ពីឪពុកខ្លួនជាអ្នកផ្តល់មរតកសិប្បកម្មផលិតច្នៃស្ករត្នោតនេះពីជាង១០ឆ្នាំមុន ហើយខ្លួនកាន់កាប់គ្រប់គ្រងពី៨ឆ្នាំមកហើយ ប៉ុន្តែរយៈពេល៨ឆ្នាំនេះ ខ្លួនមិនដែលទទួលទានស្ករត្នោតដែលខ្លួនផលិតម្តងណាទេ ហើយខ្លួនពុំដឹងថា មានផលប៉ះពាល់ដល់សុខភាពចំពោះអ្នកទិញទៅទទួលទាននោះដែរ ។

ម្ចាស់ទីតាំង បានសារភាពទៀតថា ស្ករត្នោតកែច្នៃនេះ រូបគេលាយផ្សំគ្នាចំនួន៤យ៉ាង មាន ៖ ស្ករស ៥០គីឡូក្រាម ស្ករត្នោតសុទ្ធ ១០គីឡូក្រាម សាច់ជូរ ១០ក្រាម និងទឹកចំនួន១៤លីត្រ កូររម្ងាស់បញ្ចូលគ្នាជិត៣ម៉ោង ទើបក្លាយជាស្ករត្នោតកែច្នៃ ទទួលបានពី៦០ទៅ៧០គីឡូក្រាម រួចដឹកចេញពីព្រលឹមស្រាងៗ យកទៅលក់ចែកចាយអាជីវករ នៅតាមទីផ្សារ ។

បច្ចុប្បន្ន ទីតាំងសិប្បកម្មខាងលើ និងសម្ភារកែច្នៃ ត្រូវបានលោកព្រះរាជអាជ្ញារងសម្រេចអោយបិទទ្វារចាក់សោផ្ទះជាបណ្តោះអាសន្នសិន រង់ចាំដីកាពីអយ្យការ ។ សម្ភារវត្ថុធាតុដើម និងគ្រឿងផ្សំ ខាងជំនាញកាំកុងត្រូល នាំទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍តូចរបស់សាខា នៅក្រុងប៉ោយប៉ែត ៕








