ភ្នំពេញ ៖ លោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោក នៅម៉ោងជាង១រសៀល ថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះ តារាចម្រៀងស្រី កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោក បានទទួលមរណភាពហើយ ។ ក្រុមគ្រួសាររបស់ លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោល គឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ។ ប្រភពដដែលបន្តទៀតថា នៅពេលនេះសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន

ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមកដល់នៅពេលណានោះទេ។ តែអ្វីតែស្រណោះនោះ កន្លងទៅថ្មីៗនេះ តារាចម្រៀង ខេមរៈ ស្រីពៅ ធ្លាប់បានប្រកាសប្រាប់មហាជននៅទំព័រហ្វេសប៊ុក Khemarak Sereypov ថា នឹងវិលចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ក្រោយពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ ។ នាងបានបង្ហោះសារដោយភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកថា «បងប្អូនក្នុងហ្វេសប៊ុកទាំងអស់គ្នា ប្រាកដជានៅរង់ចាំនាងខ្ញុំ ឲ្យមកចូលសិល្បៈវិញ កុំបារម្ភអីណា នាងខ្ញុំប្រាកដជាចូលសិល្បៈវិញ ចង់និយាយថាស្រឡាញ់អ្នកទាំងអស់គ្នា កុំភ្លេចជួយ Like Comment និង Share បន្តដើម្បីឲ្យបងប្អូនបានដឹងអស់គ្នា» ។





