រាជធានីភ្នំពេញ ៖ នេះជាដំណឹងមួយដ៏ក្រៀមក្រំបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយតារាចម្រៀងលោក ខេមរៈ សេរីមន្ត ផង ខណៈដែលប្អូនស្រីបង្កើតរបស់លោកគឺតារាចម្រៀងខេមរ: ស្រីពៅ បានលាចាកលោកនេះហើយ នៅម៉ោង១សៀលថ្ងៃ ទី២៥ មករា ២០១៩នេះ ក្នុងមន្ទីរពេទ្យមួយ នៅឯប្រទេសឥណ្ឌា ។សពតារាចម្រៀង ខេមរៈ ស្រីពៅ នឹងត្រៀមរៀបចំដឹកបញ្ចូនពីប្រទេសឥណ្ឌា មកប្រទេសកម្ពុជាវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី នាពេលខាងមុខនេះ ។ក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលគឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ ។

កន្លងទៅថ្មីៗនេះ តារាចម្រៀង ខេមរៈ ស្រីពៅ ធ្លាប់បានប្រកាសប្រាប់មហាជននៅទំព័រហ្វេសប៊ុក Khemarak Sereypov ថា នឹងវិលចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ក្រោយពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ ។ នាងបានបង្ហោះសារដោយភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកថា «បងប្អូនក្នុងហ្វេសប៊ុកទាំងអស់គ្នា ប្រាកដជានៅរង់ចាំនាងខ្ញុំ ឲ្យមកចូលសិល្បៈវិញ កុំបារម្ភអីណា នាងខ្ញុំប្រាកដជាចូលសិល្បៈវិញ ចង់និយាយថាស្រឡាញ់អ្នកទាំងអស់គ្នា កុំភ្លេចជួយ Like Comment និង Share បន្តដើម្បីឲ្យបងប្អូនបានដឹងអស់គ្នា» ។ប៉ុន្តែស្ថានភាពជំងឺរបស់នាង នៅមិនទាន់បានធូរស្បើយនៅឡើយ ស្របពេលដែលអ្នកគាំទ្រនាងជាច្រើន បានជូនពរឲ្យនាងមានសុខភាពល្អ និងទទួលការវះកាត់ដោយជោគជ័យ ។

បើតាមលោក ខេមរៈ សិរីមន្ត វិញក៏បានបង្ហោះរូបថតប្អូនស្រីមួយសន្លឹកលើហ្វេសបុក ដោយរៀបរាប់ថា «ជាច្រើនឆ្នាំមកនេះ ប្អូនស្រីដ៏កំសត់ម្នាក់នេះ មិនដែលចង់ឃើញ fanដែលគាំទ្រគាត់ ពិបាកចិត្ត ព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយ គាត់ចង់ឃើញ fan គាត់រីករាយគ្រប់ពេលវេលា… តែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ ចង់ប្រាប់បងប្អូនទាំងអស់គ្នាថា នៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ… ខ្ញុំជាបងប្រុសជូនពរប្អូនឲ្យឆ្លងផុតពេលវេលាដ៏លំបាកនេះ បើបងប្អូនស្រលាញ់ នឹងគាំទ្រគាត់ ជូនពរគាត់ឲ្យឆ្លងផុតគ្រោះនេះផង ដើម្បីគាត់មានសុខភាពល្អ មកបំពេញការងារសិល្បៈវិញណា » ៕



