លោកខេមរៈ សេរីមន្ត សំណូមពរបងប្អូនទាំងអស់គ្នា ដែលមានបំណងចងចូលរួមផ្តល់ជាកិត្តិយល់ គោរពវិញ្ញានក្ខ័ន្ធរបស់ប្អូនស្រី ខេមរៈ ស្រីពៅ សូមអញ្ជើញមកគេហដ្ឋានគាត់ នៅជិត….

បងប្អូន​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ បានទទួល​ជ្រាប​រួចមកហេីយ​ អំពី​ដំណឹងមរណភាព​របស់​តារាចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ដែលត្រូវជា​ប្អូនស្រីពៅ​បង្កើត​របស់​កំពូល​តារា​ចម្រៀង​លោក​ ខេមរៈ​ សិរីមន្ត​ ដែលបានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលាម៉ោង​ប្រមាណ​ជា​ ១រសៀល​ នៅឯ​មន្ទីរ​ពេទ្យ​ប្រទេស​ ឥណ្ឌា​ ។ដោយឡែក​ មកដល់ថ្ងៃ​នេះ​ផងដែរ​ សាកសព​របស់​តារាចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ កំពុង​តែ​ត្រូវ​បាន​ដង្ហែ​រចេញពី​មន្ទីរ​ពេទ្យ​ប្រទេស​ឥណ្ឌា​ ដោយមានលោក​ ខេមរៈ​ ភារុណ​ បាននិមន្ត​សម្តេច​សង្ឃ​ជាច្រើន​អង្គដេីម្បី​សូម​មន្តនាំដួងវិញ្ញាណក្ខន្ធ​ តារារូបនេះ​មកប្រទេសកំណេីត​វិញផងដែរ​។

ក្នុង​នោះដែរ​ បេីតាមការ​បញ្ជាក់​ពី​លោក​ ហេង​ ឡុង​​​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ជាផ្លូវការ​របស់​លោក​​ បាន​ធ្វើការ​បញ្ជាក់​ដែរថា​ សាកសព​របស់​តារាចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ នឹងដង្ហែរមកដល់ប្រទេស​កម្ពុជា​ នៅថ្ងៃទី​២៧នេះ​ វេលា​ម៉ោង​ ៨យប់​ ។ចំពោះ​ដំណឹង​មរណភាព​ដ៏ក្រៀមក្រំ​នេះ​ដែរ​ កំពូល​តារា​ចម្រៀង​លោក​ ខេមរៈ​ សិរីមន្ត​ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ផេក​ជាផ្លូវការ​របស់​លោក ក៏បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ ដែលមានបំណងចង់​គោរពវិញ្ញានក្ខ័ន្ធ​ចំពោះ​ប្អូនស្រីពៅ​របស់លោក​ អាច​អញ្ជើញ​មកគេហដ្ឋាន​របស់​លោកផ្ទាល់ផងដែរ។ ក្នុង​នោះដែរ​លោកបាន​បញ្ជាក់​ដែរថា​៖

«ខ្ញុំបាទ សូមអរគុណដល់ បងប្អូនទាំងអស់គ្នា…នៅថ្ងៃស្អែកនេះ បើបងប្អូនណា មានបំណងចង់ចូលរួម​ ផ្តល់ជាកិត្តិយល់ គោរពវិញ្ញានក្ខ័ន្ធ​ របស់ប្អូនស្រីខ្ញុំបាទ ខេមរៈ ស្រីពៅ បងប្អូនអាចអញ្ជើញ​ មកគេហដ្ឋាន ខ្ញុំបាទផ្ទាល់បាន​ ដែលនៅជិតវត្ត សំរោងអណ្តែត សង្កាត់ ភ្នំពេញថ្មី ខ័ណ្ឌសែន សុខ ។ សូមអរគុណ»។