នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩ នេះ អ្នកឧកញ៉ា ហុង ពីវ បាននាំយកនូវថវិកាចំនួន ២ ១៨៨ ៨៨៨ ដុល្លារអាមេរិក យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ។ ថវិកានេះ ជាការបន្តឧបត្ថម្ភរបស់ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុបដល់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ ឆ្នាំ ២០១៩ ។នៅក្នុងឆ្នាំ ២០១៩ នេះ គឺជាលើកទី ៤ ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ បានបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា នេះបើគិតចាប់តាំងពីឆ្នាំ ២០១៦ មក ។ កន្លងមកអ្នកឧកញ៉ា ហុង ពីវ បានឧបត្ថម្ភថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន ១ លានដុល្លារកាលពីឆ្នាំ ២០១៦ , ចំនួន ២ លានដុល្លារ កាលពីឆ្នាំ ២០១៧, ហើយសម្រាប់ឆ្នាំ ២០១៨ និង ឆ្នាំ ២០១៩ នេះ គឺអ្នកឧកញ៉ាបានផ្តល់ជូនថវិកាចំនួន ២ ១៦៨ ៨៨៨ ដុល្លារដូចគ្នា។

បើតាមការបញ្ជាក់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី ២១ ខែមករា បានឱ្យដឹងថា នៅក្នុងអំឡុងខែមករា ឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំនីតិវិធីផ្ទេរថវិកាចំនួនប្រមាណជា ១០២ ពាន់លានរៀល ជូនមូលនិធិគន្ធបុប្ផាថែមទៀត បន្ថែមលើវិភាគទានដំបូង របស់រាជរដ្ឋាភិបាលចំនួនជាង ៤០ ពាន់លានរៀល ដែលបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាកន្លងមក ៕








