ខ្មែរស្រលាញ់ខ្មែរ ស៊ែរម្នាក់មួយបានទេ ស្នាដៃកូនខ្មែរច្នៃ«មីល្ពៅ» ដែលធ្វើអំពីល្ពៅ ប្លែកទាំងរសជាតិនិងក្លិន ថែមទាំងជួយទិញផ្លែល្ពៅពីកសិករទៀត

នា​ពេលថ្មី​ៗនេះ​មាន​បុរស​ម្នាក់​បាន​ចែក​រំលែក​ស្តី​ពី​បទ​ពិសោធន៍​របស់​ខ្លួន​ក្នុង​ការ​សិក្សាស្រាវជ្រាវ​ ធ្វើ​មី​ច្នៃចេញ​ពី​ផ្លែ​ល្ពៅ ​ដែល​គ្រប់​គ្នា​មិន​នឹក​ស្មាន​ដល់​ ទាំង​រស​ជាតិ​ប្លែក​ពី​គេ​ ទាំង​គុណ​ប្រយោជន៍​សម្រាប់​សុខ​ភាព​ ថែម​ទាំង​ជួយ​លើ​កម្ពស់​ដល់​ប្រជា​កសិករ​ជា​អ្នក​ដាំ​ល្ពៅ​ខ្មែរ​ឲ្យ​មាន​ទីផ្សារ​ថែម​ទៀត​ផង។

ការ​សិក្សា​ស្រាវជ្រាវ​ទម្រាំ​បាន​ជា​ផលិត​ផល​មី​ធ្វើ​ពី​ផ្លែ​ល្ពៅ​នេះ ​យុវជន​ខាង​លើ​បាន​ចំណាយ​ពេល​ជិត​ ២​ឆ្នាំ​ទម្រាំ​បាន​ចេញ​ជា​សមិទ្ធផល​ដូច្នេះ ​ទោះ​បី​ជា​វា​មិន​ទាន់​មាន​រូប​ស្អាត​តែ​វា​ជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ​ដែល​គិត​ពី​សុខ​ភាព​បង​ប្អូន​ជា​ចំបង​ ព្រម​ទាំង​ជួយ​បង្កើត​ទីផ្សារ​​អ្នក​ដាំ​ល្ពៅ​ទៀត​ផង។ លោក​បាន​សរសេរ​រៀប​រាប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា៖

«ខ្ញុំ​បាទ​ឈ្មោះ​ គិមវ៉ាង បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​ ២០១៧ នៃ​សាកល​វិទ្យាល័យ​បាត់ដំបង ​បរិញ្ញាបត្រ​ជំនាញ វិទ្យាសាស្ត្រ​ចំណី​អាហារ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​មី​ល្ពៅ​នេះ​ឡើង​ក្នុង​គោល​ដៅ​ជួយ​ទិញ​ល្ពៅ​ពី​កសិករ​ខ្មែរ និង​បង្កើត​ផលិត​ផល​ថ្មី​ប្លែក ​ហើយ​មាន​រសជាតិ​ខុស​គេ ពណ៌​ល្ពៅ ក្លិន​ល្ពៅ រស​ជាតិ​ល្ពៅ។ ខ្ញុំ​បាន​ស្រាវ​ជ្រាវ​និង​ពិសោធន៍​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ។ ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​យើង​ និង​ជន​ជាតិ​ផ្សេង​ទៀត​ញាំ​អាហារ​ដែល​មាន​សុវត្ថិភាព ​និង​មិន​ប៉ះពាល់​ដល់​សុខភាព ថែម​ទាំង​ជួយ​ដល់​សុខភាព​ទៀត​ផង។

ឯក​សណ្ឋាន (ដូចរូប) ​ពេលចូល​បន្ទប់​ធ្វើ​មីល្ពៅ​ខ្មែរ​ទោះ​បីកន្លែង​ធ្វើ​ខ្ញុំតូច មាន​សមាជិក​តែ​ម្នាក់​ខ្ញុំ​ ក៏​ខ្ញុំព្យា​យាមធ្វើ​តាមស្តង់ដា​ ISO, 5S បាន​ច្រើន​ដែរ។ ខ្ញុំ​សង្ឃឹមថា​បងប្អូន​ពូមីងយាយ​តា ជួយ​គាំទ្រ​ផង​បាទ។ វាជា​ស្នាដៃ​កូន​ខ្មែរ​អង្គរ​ពិតៗ។ ចាប់​ពីថ្ងៃហ្នឹង​ទៅ បងប្អូន​អាច​ទិញ​មីល្ពៅ​ខ្មែរ​ទៅញ៉ាំ​បានហើយ។ ​ពណ៌ល្ពៅ​ ក្លិនល្ពៅ​រសជាតិល្ពៅ ឈ្ងុយ​ឆ្ងាញ់។ តម្លៃគឺ​ ៤៥០០៛ ​រៀលក្នុងមួយថង់ ​ហើយ​មាន​មី​ចំនួន ​១០ដុំ។ បងប្អូន​អាច​យកទៅ​ញ៉ាំ​ជាមួយ​ស៊ុប​បាន​ណា​បាទ ទំនាក់ទំនង 096 95 68 467​»។

មី ​គឺ​ជា​អាហារ​ពេញ​និយម​នៅ​ក្នុង​ចំណោម​អាហារ​ជា​ច្រើន​ផ្សេង​ទៀត។ ​វា​ត្រូវ​បាន​ធ្វើ​ពី​ម្សៅ​ដែល​ត្រូវ​បាន​ទាញ​យក​ចេញ​ extruded ឬ​រមៀល​រាប​ស្មើ ​និង​កាត់​ចូល​ទៅ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា។ ​មី​ត្រូវ​បាន​ចម្អិន​នៅ​ក្នុង​ទឹក​រំពុះ​ ជួន​កាល​ជា​មួយ​ប្រេង​ចម្អិន​ ឬ​អំបិល​បន្ថែម។ ​មី​ជា​ញឹក​ញាប់​គេ​ញាំ​ជា​មួយ​ទឹក​ជ្រលក់​ ឬ​នៅ​ក្នុង​ស៊ុប។ មី​អាច​ត្រូវ​បាន​ផ្ទុក​ក្នុង​ទូ​ទឹក​កក​សម្រាប់​ការ​រក្សា​ទុក​រយៈ​ពេល​ខ្លី ​ឬ​ស្ងួត​និង​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ការ​ប្រើប្រាស់​រយៈ​ពេល​យូរ​ខាង​មុខ​ទៀត។

ល្ពៅ​ជា​បន្លែ​ដែល​គេ​និយម​បរិភោគ​ជាទូទៅ ហើយ​មាន​ដាំ​ស្ទើរ​ពាសពេញ​ពិភពលោក​។ ផ្លែ​ល្ពៅ​មាន ២ ប្រភេទ​គឺ​ល្ពៅ សាច់​ស្អិត និង​ល្ពៅ​សាច់​ផុស​។ ផ្លែ​ល្ពៅ​សាច់​ស្អិត​ត្រូវ​បាន​គេ​និយម​បរិភោគ​ច្រើន​បំផុត ព្រោះ​ទោះ​យក​ទៅ​ធ្វើជា​បង្អែម ឬ សម្ល​គឺ សុទ្ធតែ​ឆ្ងាញ់​ទាំងអស់ ។ ទោះ​បី​យ៉ាង​ណា​មិន​ថា​ល្ពៅ​សាច់​ស្វិត ឬ​សាច់​ផុស​ទេ សុទ្ធតែ​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​បរិភោគ​ដូចគ្នា។​

ដូច​នេះ​សូម​បង​ប្អូ​ខ្មែរ​ជួយ​គាំ​ទ្រ​ផលិតផល​ជា​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ផង​ ព្រោះ​មិន​ប៉ះ​ពាល់​ដល់​សុខភាព​ហើយ​ថែម​ទាំង​មាន​គុណប្រយោជន៍​​ច្រើន​សម្រាប់​សុខភាព​ទៀត​ផង​ ណា​មួយ​ជួយ​រក​ទីផ្សារ​ឲ្យ​ប្រជា​កសិករ​ករ​ខ្មែរ​មាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ថែម​ទៀត៕