ប្រទេសឥណ្ឌាៈ នេះបើតាមសារព័ត៌មាន TimesNowNews បានឲ្យដឹងថា ប៉ូលិសនៅរដ្ឋកាណាតាកា ភាគខាងត្បូងឥណ្ឌា កំពុងតាមរកក្រុមចោរ ដែលបានលួចអាចម៍គោក្រៀមតំលៃ ១២៥.០០០រូពី (១.៧៥០ដុល្លារ) ស្មើនឹងអាចម៍គោ២៥ទៅ៤០ឡានធំ។ ប៉ូលិសបានចាប់ផ្តើមស៊ើបអង្កេត ក្រោយពីនាយកដ្ឋានថែរក្សាសត្វប្តឹងអំពី «ការបាត់ទំនិញ» ទៅប៉ុស្ត៍ប៉ូលិសមូលដ្ឋាន។ លាមកគោដែលបាត់ក្រោយមកត្រូវប៉ូលិសរកឃើញ នៅលើដីឯកជនមួយ ហើយនឹងត្រូវប្រគល់ទៅម្ចាស់វិញក្នុងពេលឆាប់ៗ។ប៉ូលិសបានឃាត់ខ្លួន អ្នកមើលការខុសត្រូវឃ្លាំងអាចម៍គោ នៃនាយកដ្ឋានថែរក្សាសត្វនេះ និងបន្តស៊ើបអង្កេតបន្ថែម ហើយសង្ស័យថា អាចមានជាប់ពាក់ព័ន្ធមន្ត្រីច្រើននាក់នៅនាយកដ្ឋាននេះ។ នៅឥណ្ឌា គោត្រូវចាត់ទុកជាសត្វ ដែលត្រូវគោរពបូជ្ញានៅក្នុងសង្គម ដែលមានអ្នកកាន់សាសនាហិណ្ឌូភាគច្រើន។ សំរាប់គ្រួសារតាមទីជនបទ «មេគោពិសិដ្ឋ» ត្រូវបានគោរពទុកដូចជាព្រះ ដោយវាផ្តល់ទឹកដោះ ជួយការងារកសិកម្ម ហើយលាមកគោ ត្រូវបានប្រមូលទុកធ្វើជាជីកសិកម្ម និងហាលអោយស្ងួតសំរាប់ដុតក្នុងអំឡុងរដូវវស្សា ពេលការផ្គត់ផ្គង់អុសមានកំរិត ៕




