យុវជនវ័យក្មេង ស្រេង លីហេង បានរកឃើញរូបមន្តផលិតមីល្ពៅបានសម្រេចកំពុងលក់ដាច់ខ្លាំងនៅខេត្តត្បូងឃ្មុំ ។ យុវជនវ័យ ២៤ ឆ្នាំ រូបនេះ មានស្រុកកំណើតនៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់ប្រជាប្រិយនៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះថា តាមពិតរូបលោកជាអ្នកផលិតមីលក់ជាងមួយឆ្នាំទៅហើយ ដោយផលិតជាមីលឿង និង មីស្លឹកតើយ តែដោយសារមានយុវជនម្នាក់នៅខេត្តបាត់ដំបង អាចផលិតមីល្ពៅបាន ធ្វើឲ្យអតិថិជនរបស់លោកសំណូមពរឲ្យលោកផលិតមីល្ពៅនេះដែរ ទើបលោកសម្រេចផលិតតាមការសំណូមពររបស់អតិថិជនតែម្ដង ។លីហេង បានបន្តទៀតថា មីល្ពៅនេះលោកទើបផលិតបានជោគជ័យកាលពីម្សិលមិញនេះឯង ពោលគឺនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ លីហេង ប្រាប់ថា ថ្ងៃដំបូងលោកផលិតបាន ៤០ គីឡូ និង លក់ដាច់អស់គ្មានសល់ ។ ក្នុងនោះមួយគីឡូក្រាមតម្លៃ ១ ម៉ឺនរៀល ជាប្រភេទមីស្រស់ មិនមែនមីស្ងួតដូចអ្នកផលិតនៅបាត់ដំបងនោះទេ ។


នៅពេលដែលប្រជាប្រិយបានសួរថា តើ លីហេង ផលិតមីល្ពៅនេះដើម្បីប្រកួតប្រជែងជាមួយមីល្ពៅអ្នកបាត់ដំបងដែរឬទេ ? យុវជនវ័យក្មេងរូបនេះបានឆ្លើយថា ពុំមែនជាការប្រកួតប្រជែងអ្វីឡើយ គឺលោកគ្រាន់តែធ្វើទៅតាមការសំណូមពររបស់អតិថិជនតែប៉ុណ្ណោះ ព្រោះអ្នកខេត្តត្បូងឃ្មុំ ចង់សាកហូបមីល្ពៅនេះ ប៉ុន្តែនៅរហូតដល់បាត់ដំបងពិបាកទិញ ។អ្នកខេត្តត្បូងឃ្មុំរូបនេះ ក៏បានឲ្យដឹងថា លោកបានបញ្ចប់ការសិក្សាផ្នែកផលិតនំនៅសាលាមួយក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ ២០១៨ ។ ដំបូងឡើយលោកផលិតមី ដើម្បីគ្រាន់តែផ្គត់ផ្គង់ដល់ការលក់មីឆារបស់គ្រួសារលោកតែប៉ុណ្ណោះ តែក្រោយៗមកក៏មានអ្នកសុំទិញបន្តជាហូហែ ទើបលោកចាប់ផ្ដើមផលិតកាន់តែច្រើនឡើង ។ ក្នុងនោះកាលពីមុនលោកផលិតមីលឿងដែលធ្វើពីពងមាន់ និង មីខៀវធ្វើពីស្លឹកតើយធម្មជាតិ ទើបតែឥឡូវនេះថែមមីល្ពៅមួយមុខទៀត ។


ក្នុង ១ ខែ លីហេង ប្រាប់ថា អាចលក់មីរហូតបានទៅដល់ ១ តោន ដែលអតិថិជនភាគច្រើន ជាអ្នកនៅក្នុងខេត្ត ហើយក៏មានការបញ្ជាទិញពីអ្នកភ្នំពេញខ្លះដែរ ។ ដោយឡែកចំពោះមីល្ពៅស្រស់នេះគឺលោកផលិតទៅតាមតម្រូវការ បើគេទិញទើបលោកផលិត ព្រោះមីស្រស់របស់លោកមិនអាចរក្សាទុកបានច្រើនថ្ងៃឡើយ ៕




