
ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ចំនួន៣ទីតាំង ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ បានសហការជាមួយមន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌ៧មករា ចុះបង្ក្រាប។

ម្ចាស់ទីតាំងទី១ ស្នាក់នៅផ្ទះ១៤BE0.E1 ផ្លូវ១៤១ ភូមិ៤ ក្រុម៣៩ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ ម្ចាស់ទីតាំងទី២ ស្នាក់នៅផ្ទះលេខ២៣A ផ្លូវ១២៥ ភូមិ៤ ក្រុម៣៩ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

មុនពេលឈានដល់ការចុះប្រតិបត្តិការទីតាំងទាំងអស់នេះ គឺខាងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងពីម្ចាស់ក្រុមហ៊ុនប៊ីចេង នៅប្រទេសថៃ ដែលមានការចុះបញ្ជើនៅប្រទេសកម្ពុជាថា មានក្រុមហ៊ុន និងទីតាំងវេចខ្ចប់ប៊ីចេង ក្លែងក្លាយ ជាច្រើនទីតាំង កំពុងប្រព្រឹត្តលួចផលិត និងចែកចាយពេញទីក្រុងភ្នំពេញ និងទូទាំងខេត្ត។

ប្រតិបត្តិការទាំង២ទីតាំង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការដកហូតវត្ថុតាងជាច្រើន និងម៉ាស៊ីនវេចខ្ចប់១គ្រឿង ថែមទាំងសម្ភារៈសម្រាប់ច្រកប៊ីចេងជាច្រើនទៀត។ ដោយឡែក ទីតាំងមួយទៀត កម្លាំងសមត្ថកិច្ចនឹងបន្តប្រតិបត្តិការនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះទៀត។



ចំពោះម្ចាស់ទីតាំងទាំង២ ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ឋ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

(មានវិដេអូ)
ប្រភព៖ FB