
(ភ្នំពេញ)៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តាលផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-5128 ដោយបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តនោះ បានបែកកង់ផ្នែកខាងមុខ

រ៉េចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រងាងនៅនឹងថ្នល់ តែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមបណ្តាលផ្លូវនេះទេ។ ក្រោយពីកើតហេតុ ម្ចាស់រថយន្តខាងលើ បានឡើងជិះម៉ូតូឌុបគេចខ្លួនចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែង។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

(មានវិដេអូ)