បាត់ដំបង៖ ជនដៃដល់ក្នុងអំពើហិង្សាប្រើប្រាស់ដុំថ្មវាយទៅលើជនរងគ្រោះនិងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ត្រូវបានឃាត់ខ្លួននោះ គឺឈ្មោះ ចាន់ សុហេង ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង មកស្នាក់នៅបណ្តោះអាសន្ន ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៨នេះ ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ធឿន មករា ហៅស៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ត្រូវបានបាត់ខ្លួន
ចាប់តាំងពីរាត្រីថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០១៨ ដោយមិនមានក្រុមគ្រួសារបានដឹងពីដំណឹងអ្វីទាំងអស់ រហូតដល់ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋនៅស្រុកឯកភ្នំបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្ទឹងសង្កែ ឃើញដូច្នេះទើបប្រជាពលរដ្ឋរាយការណ៍ព័ត៌មាននេះជូននគរបាលស្រុកឯកភ្នំ ក្រោយធ្វើការស្រង់សាកសពចេញពីក្នុងទឹកស្ទឹងមក ពិនិត្យលើរាងកាយសាកសពឃើញមានស្លាកស្នាមរបួសដែលនាំទៅដល់ការវាយតម្លៃអំពីស្ថានភាពដែលមានអំពើហិង្សាណាមួយដែលបង្កឡើងចំពោះសាកសពបុរសរូបនេះ។

ផ្តើមចេញពីរូបភាពសាកសពនេះទើបក្រុមគ្រួសាររបស់សពបានដឹង ហើយបានបង្ហាញប្រាប់សមត្ថកិច្ចថាសាកសពមានឈ្មោះធឿន មករា ហៅ ស៊ុយ ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ត្រូវបានបាត់ខ្លួនចាប់តាំងពីរាត្រីថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៨ រហូតមកដោយមិនដឹងមូលហេតុ ។
រសៀលថ្ងៃទី៥ ខែ កញ្ញ ឆ្នាំ២០១៨ដដែលនេះពោលគឺត្រឹមតែរយ:ពេល៤ម៉ោងប៉ុណ្ណោះ ក្រោយពេលសាកសពស្រង់ចេញពីទឹកនគរបាលបានវែកមុខជនដៃដល់ ក្នុងការប្រើហិង្សាបណ្តាលឲ្យជនរងគ្រោះឈ្មោះ ធឿន មករាហៅស៊ុយបាត់បង់ជីវិត មកទទួលខុសត្រូវចំពោះមុខច្បាប់។

ជនដៃដល់ឈ្មោះចាន់ សុហេង បានឆ្លើយសារភាពថានៅរាត្រីថ្ងៃទី០៣ ខែ កញ្ញាឆ្នាំ២០១៨ក្នុងអំឡុងយប់ជ្រៅរំលងអធ្រាត្រខ្លួននិងជនរងគ្រោះមានជម្លោះជាមួយគ្នាក្នុងពេលផឹកស៊ី រហូតខ្លនប្រើប្រាស់ដុំថ្មវាយទៅលើជនរងគ្រោះបណ្តាលឲ្យធ្លាក់ចូលក្នុងទឹកស្ទឹងសង្កែហើយបន្ទាប់មកក៏លិចចូលក្នុងទឹកស្ទឹងបាត់ទៅ ក្រោយពីធ្វើសកម្មភាពហើយខ្លួនក៏សំងំធ្វើហាក់មិនបានដឹងរឿងអ្វីទាំងអស់រហូតដល់ពេលដែលសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន ៕
ប្រភព៖ FB