ភ្នំពេញ៖ នារីរូបស្រស់ជនជាតិចិនម្នាក់ បើកឡាន Mazda ពន្លះឡានRange Roverមួយគ្រឿង បណ្តាលឲ្យរងការខូចខាតខ្ទេចស្ទើរទាំងស្រុង ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវ៣៣៧ កែងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ នារីជនជាតិចិនរូបស្រស់ម្នាក់នេះបើករថយន្តស៊េរីទំនើបម៉ាក Mazda ក្នុងល្បឿនយ៉ាងលឿន ជ្រុលចង្កូតទៅបុកជាមួយរថយន្តស៊េរីទំនើប Range Rover ចំពេញទំហឹង ហើយរថយន្តវិលទៅបោកផ្ទប់នឹងគល់ឈើ បណ្តាលឲ្យរងការខូចខាតខ្ទេចស្ទើទាំងស្រុង និងរថយន្ត Mazda ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-7736 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដយផ្លូវ៣៣៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។

លុះធ្វើដំណើរមកដល់វេលាកើតហេតុ ដែលជាផ្លូវបែកជាបួនផងនោះ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mazda ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AM-1118 បើកបរដោយនារីរូបស្រស់ជនជាតិចិនម្នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយ៥២៨ ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន បានទៅបុកចំពាក់កណ្ដាលរថយន្ត Range Rover លាន់ដូចរន្ទះ ហើយរថយន្តវិលទៅបោកផ្ទប់នឹងគល់ឈើចំផ្នែកខាងក្រោយពេញទំហឹងទៀត បណ្តាលឲ្យរថយន្ត Range Rover រងការខូចខាតខ្ទេចយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្តទាំងអស់។

ចំណែកឯរថយន្ត Mazda បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែពិតជាសំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ៕

ប្រភព៖ Heng Ly