ឪពុកនិងកូនស្រី នាំគ្នាទៅរាយសន្ទូច បាត់មួយយប់ ព្រលឹមឡើងប្រទះឃើញលង់ទឹកស្លាប់ទាំង២នាក់ នៅបឹងក្រោយភូមិ

ខេត្តព្រៃវែង៖ ឪពុកនិងកូនស្រី នាំគ្នាទៅរាយសន្ទូច បាត់មួយយប់ ព្រលឹមឡើងប្រទះឃើញលង់ទឹកស្លាប់ទាំង២នាក់ នៅបឹងក្រោយភូមិក្នុងស្រុកពោធិ៍រៀង ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយពីប្រទះឃើញសាកសពឪពុកនិងកូនស្រី នៅចំណុចបឹងមួយកន្លែងក្រោយភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀងស្រុកពោធិ៍រៀងខេត្តព្រៃវែង។

ជនរងគ្រោះទាំង២នាក់រួមមាន៖ ឳពុកឈ្មោះរឿន រិត មានអាយុ៤៥ឆ្នាំ និងកូនឈ្មោះរិត ស្រីម៉ិច ភេទស្រីអាយុ១៤ឆ្នាំ អ្នកទាំង២ មានទីលំនៅកន្លែងកើតហេតុ។

តាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា៖ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះទាំង២នាក់ ឪនិងកូន បាននាំគ្នាមករាយសន្ទូចក្រោយភូមិកើតហេតុខាងលើ។

ហើយក៏បាត់ដំណឹងសូន្យមិនឃើញមកផ្ទះវិញ ទើបបងប្អូនក្រុមគ្រួសារមានការសង្ស័យឆ្ងល់ លុះព្រឹកឡើងថ្ងៃទី១៣ ខែដដែល ទើបគេប្រទះឃើញសពអ្នកទាំង២ នៅចំណុចខាងលើទើបក្រុមគ្រួសារនិងសមត្ថកិច្ចដឹកជញ្ជូនមកផ្ទះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមការពិនិត្យរបស់សមត្ថកិច្ច ជាក់ស្ដែង ជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ដោយខ្លួនឯងមែន ខណៈពួកគេដើររាយសន្ទូច ឈានជើងចូលរណ្ដៅទឹកជ្រៅ រួចជួយគ្នាបណ្ដាលឲ្យលង់ស្លាប់ទាំង២នាក់តែម្ដង៕

ប្រភព៖ FB