រថយន្តសណ្ដោងម៉ាសុីនខួងអណ្ដូងបើកបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យក្រឡាប់ស្លាប់អ្នករួមដំណើរម្នាក់ នៅលើស្ពានព្រែកក្ដាម

ខេត្តកណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២ និង១៥នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចលើស្ពានព្រែកក្ដាម(មិត្តភាពកម្ពុជា ចិន) ត្រើយខាងលិច ស្ថិតក្នុុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ផឹង គៀប ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិចំបក់ជ្រុំ ឃុំជ្រេស ស្រុកមេសាង ខេត្តព្រៃវែង (ជាអ្នករួមដំណើរ) ។

ចំណែករថយន្តម៉ាកHYUNDAI សណ្ដោងម៉ាសុីនខួងអណ្ដូង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3474 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្តថា សាក្សីបាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច(កំពង់ចាម-ភ្នំពេញ) ដោយបន្ថែមល្បឿនបើកឡើងស្ពាន និងចុះស្ពានវិញមិនបន្ថយល្បឿន ខណៈមកដល់ចំណុចផ្លូវកោង ជាកន្លែងកើតហេតុ ក៏រេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យធ្លាក់កម្មករកំពុងជិះនៅលើរថយន្តបោកក្បាលនិងឃឿនស្ពាន ស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចចរាចរណ៍ស្រុក បានចុះមកវាស់វែងនិងពិនិត្យកន្លែងកើតហេតុ រួចក៏សាងសំណុំរឿងដកហូតយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ FB