ក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​កាប់ចាក់គ្នា ក្នុង​ល្បឿន​លឿន ជ្រុលទៅបុករថយន្តដឹកដូង ស្លាប់២នាក់ នៅឯ…(ចុចអានបន្ត)

ភ្នំពេញ៖ក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​កាប់ចាក់គ្នា ក្នុង​ល្បឿន​លឿន ជ្រុលទៅបុករថយន្តដឹកដូង ស្លាប់២នាក់ នៅខណ្ឌដង្កោ ហេតុការណ៍នេះបានកើតឡើងកាលពី ម៉ោង៣និង២០នាទី​ទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣ ត្រង់ចំណុច​ម្ដុំ​ធនាគារ​វឌ្ឍនៈ ស្ថិតក្នុង​ភូមិ​ទួល​ស្លែ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ។

 

ជនរងគ្រោះ​ទាំង២នាក់​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​នោះ ទី១មានឈ្មោះ ហេង វិថី អាយុ១៦ឆ្នាំ មុខ​របប​ជា​សិស្ស​ថ្នាក់១១ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពុងស្ពឺ និង​ជា​ម្ចាស់​ម៉ូតូ និង ឈ្មោះ​ខាត់ ធារ៉ា អាយុ១៨ឆ្នាំ មុខ​របប​នៅផ្ទះ ភូមិ​ផ្សារ​គុម​ឬ​ស្សី ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ។

នៅពេល​កើតហេតុ រថយន្ត​ម៉ាក KAI ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពត 1A-1803 បាន​ដឹក​ដូង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣ ឡើង​ពី​ខេត្ត​ មក​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា ក្នុង​ល្បឿន​លឿន ដោយ​ក្នុងនោះ​មាន យុវជន២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក Suzuki Let’s ពណ៌​ស ពាក់​ស្លាក​លេខ​កណ្ដាល 1U-2619 ទិសដៅ​បញ្ច្រាស​ជាមួយ​រថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយក៏​ចូលទៅ​ខាង​ផ្លូវ​រថយន្ត រួច​ជ្រុល​បុក​ផ្ទប់​ជាមួយ​រថយន្ត​ពេញទំហឹង​តែម្ដង ទើប​បណ្ដាល​ឲ្យ​យុវជន២នាក់​នោះ បោក​ក្បាល​ជាមួយ​រថយន្ត​រួច​ធ្លាក់​មក​បោក​ក្បាលថ្នល់ ស្លាប់​ក្នុង​ថ្លុកឈាម​ទាំង២នាក់ យ៉ាង​អាណោច​អធម៌ (ក្នុងនោះ​យុវជន​ម្នាក់​ស្លាប់​ទាំង​ដៃ​នៅ​កាន់​ខ្សែក្រវ៉ាត់​ជាប់ គួរ​ឲ្យ​ស​ង្វែ​ក​និង​ខ្លោចចិត្ត​យ៉ាងខ្លាំង) ចំណែកឯ​ម៉ូតូ​បាន​ខ្ទេច​ផ្នែក​ខាងមុខ​ទាំងស្រុង។

ភ្លាមៗម្ចាស់​រថយន្ត​ក៏បាន​បន្តដំណើរ​ទៅដល់​គោលដៅ២៤ម៉ោង​របស់​សមត្ថកិច្ច ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ប៉ុស្ដិ៍​តែម្ដង។ សាច់ញាតិ​សព​ជនរងគ្រោះ​ជាច្រើន​នាក់​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ទាំង​អារម្មណ៍​តក់ស្លុត ទួញ​យំ​បោក​ខ្លួន​សោកស្ដាយ​ជនរងគ្រោះ​ដែល​ស្លាប់។

បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បានធ្វើការ​វាស់វែង យក​ម៉ូតូ និង​រថយន្ត​ព្រមទាំង​តៃកុង ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ FB