បុរសម្នាក់ស្រវឹងស្រា បើករថយន្ដទំនើប​ Lexus NX200t បុកក្បាលនាគ ពុះចែកទ្រូងផ្លូវចុះក្រោមដី ស្ពានស្ទឹងមានជ័យ ក្រឡាប់ផ្ងាជើង

(ភ្នំពេញ) បុរសម្នាក់ស្រវឹងស្រា បើករថយន្ដទំនើប​ Lexus NX200t បុកក្បាលនាគ ពុះចែកទ្រូងផ្លូវចុះក្រោមដី ស្ពានស្ទឹងមានជ័យ ក្រឡាប់ផ្ងាជើង គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ត្រង់ចំណុចគល់ស្ពានក្រោមដីស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាកលុចសុីល NX200t ពាក់ស្លាកលេខភ្នំពេញ 2BB-0088បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿងព្រមទាំងអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងផង ក៏បានរេង្កូចទៅបុកជាមួយក្បាលនាគពុះចែកទ្រូងផ្លូវ

បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងាជើងច្រង៉ាងកណ្ដាលផ្លូវតែម្ដង និងរងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើករងរបួសស្រាលបានប្រមូល យកសំភារៈមានតម្លៃហើយចេញមកក្រៅទាក់ទងទៅសាច់ញាតិមកដឹកចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង រួចយករថយន្ដបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

ប្រភព៖ FB