ថៃ៖ សេចក្តីរាយការណ៍ ដែលយើងទទួលបាន គឺកម្លាំងតម្រួត មេព្រៃ និងយោធាថៃ បានចេញប្រតិបត្តិការ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចឧទ្យានជាតិ( ថាប់ឡានទី៣ )ត្រង់បរិវេណ ប៉ាខៅរ៉ុប ស្ថិតក្នុងឃុំគោកក្រៈឆាយ ស្រុកខនបុរី ខេត្តនគរាជសីមា ប្រទេសថៃ។

ពលរដ្ឋខ្មែរចំនួន៧នាក់ ខ្លះទៅពីខេត្តបន្ទាយមានជ័យ និងខ្លះទៀតទៅពីខេត្តសៀមរាប ត្រូវបានកម្លាំងមេព្រៃថៃធ្វើការឃាត់ខ្លួន នៅក្នុងឧទ្យានជាតិ ដែលជាតំបន់អភិរក្សព្រៃឈើ និងជាតំបន់ហាមឃាត់ ខណៈពួកគេទាំងនោះ បានលបលួចចូលទៅកាប់ឈើគ្រញូង នៅក្នុងតំបន់ខាងលើ។

សមត្ថកិច្ចចម្រុះថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៧នាក់ ក្រោយពួកគេបានលបចូលទៅកាប់ឈើគ្រញូង ដោយភាគីថៃបានដកហូតនូវវត្ថុតាងមួយចំនួន ដូចជាឈើគ្រញូង អារស្រេច ចំនួន៥០ដុំ គឺគេបានត្រៀមចងសម្រាប់ស្ពាយចេញពីព្រៃយកទៅឲ្យមេឈ្មួញ។

ពលរដ្ឋខ្មែរទាំង៧នាក់នោះ គឺ១.ឈ្មោះ ធី ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ ២. ឈ្មោះ ថន ថេ ភេទប្រុស អាយុ២៨ឆ្នាំ ៣.ឈ្មោះ ដេត ថៃ ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង៣ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុនម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៤. ឈ្មោះ សែ តេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ៥. ឈ្មោះ រ៉េត ធី ភេទប្រុស អាយុ២០ឆ្នាំ ៦.ឈ្មោះ សុខ រៀង ភេទប្រុស អាយុ៣៥ឆ្នាំ និង៧ ឈ្មោះ ប៊ិន ឈួត ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំង៣ រស់នៅ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ ជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ (មេព្រៃ )ថៃ រៀបចំឯកសារដើម្បីបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ Heng Ly