ប៉ូលិសបញ្ជូនបុរសជនជាតិឡាវម្នាក់ និងខ្មែរម្នាក់ ទៅតុលាការ​ករណីដឹកជញ្ជូនគ្រឿងញៀនជាង​២គីឡូចូលដីខ្មែរ

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យ​នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ​កសាងសំណុំរឿងបញ្ជូនបុរសជនជាតិឡាវម្នាក់ និងខ្មែរម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីចាប់ខ្លួនកាលពីយប់ថ្ងៃទី២០ កញ្ញា នៅចំណុចលើផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ខណៈពួកគេ កំពុងដឹកជញ្ជូនថ្នាំញៀនជាង២គីឡូក្រាម ឆ្លងកាត់ពីរបណ្តាលខេត្ត ចូលមកជួញដូរនៅក្នុងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡោ សុគន្ធា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំអាង ឃុំ សំអាង ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងម្នាក់ទៀតឈ្មោះ ស៊ីងធីន អ៊ូថង ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិឡាវ មានទីលំនៅ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

សេចក្តីរាយការណ៍​ បាន​ឲ្យដឹងថា ការឆក់ចាប់ក្រុមជួញដូរគ្រឿងញៀនមកពីប្រទេសឡាវនេះ ដឹកនាំដោយលោកវរសេនីឯក យិន បញ្ញារិទ្ធ នាយការិយាល័យទី៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយ​ឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះ ព្រមទាំងដកហូតថ្នាំញៀនប្រមាណជាង២គីឡូក្រាម និងទូរស័ព្ទចំនួន២គ្រឿង៕