អភិបាលរាជធានី៖ ការដាក់ឲ្យមាន City Bus សាធារណៈ ពុំចង់បានប្រាក់ចំណេញ តែចង់កាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋ និងការកក់ស្ទះចរាចរណ៍ ក្នុងរាជធានី

(ភ្នំពេញ) ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់ នូវសេវារថយន្តក្រុងសាធារណៈ (City bus) របស់រដ្ឋាករស្វយ័តរាជធានីភ្នំពេញ ពុំមែនចង់បានប្រាក់ចំណេញនោះទេ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ ចង់បានការកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋ និងកាត់បន្ថយ​ ការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ខណៈដែលសេវានេះ ត្រូវបានកំណត់ មិនយកប្រាក់ ពីអ្នកធ្វើដំណើរ ដូចជាចាស់ជរា សិស្សនិស្សិត កម្មករ កម្មការិនី ស្ត្រីមានផ្ទៃពោះជាដើម ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាន៍បែបននេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ ខ្សែរត់រថយន្តក្រុងថ្មី របស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅសួនទល់មុខ ស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “កិច្ចការរៀបចំរថយន្តក្រុងនេះ មិនមែនចង់បានប្រាក់ចំណេញនោះទេ ចង់បានកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ចង់បានសម្រួលការធ្វើដំណើរ ជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើង មានរថយន្តក្រុងជិះ ហើយធ្វើដំណើរ មិនស្ទះចរាចរណ៍ នេះជាគោលនយោបាយសំខាន់ របស់រាជរដ្ឋាភិបាល គោលនយោបាយសំខាន់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺបង្កើតរថយន្តក្រុង ដើម្បីកាត់បន្ថយភាពក្រីក្ររជូនប្រជាពលរដ្ឋ និងកាត់បន្ថយ ការកក់ស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ” ។

សូមរំលឹកថា បច្ចុប្បន្នសាលារាជធានីភ្នំពេញ បានដាក់ដំណើរការ ខ្សែរត់ថ្មី ៥ខ្សែបន្ថែម លើខ្សែរត់ចាស់ ដែលមានស្រាប់ ៨ខ្សែ បន្ទាប់ពីទទួលបាន ជំនួយឥតសំណង ពីប្រទេសសម្ព័ន្ធមិត្តជប៉ុន នូវរថយន្តក្រុងថ្មី ៨០គ្រឿង ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថាន នៅក្នុងរាជធានីភ្នំពេញ ដែលជាសេចក្តីកង្វល់ របស់ប្រជាពលរដ្ឋទូទៅ ព្រមទាំងការចូលរួម កាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលបាន ប្រកាសផ្តល់សេវានេះ ដោយមិនយកប្រាក់ ជូនប្រជាពលរដ្ឋ ដូចជាមនុស្សចាស់ជរា សិស្សនិស្សិត កម្មករ កម្មការិនី ស្ត្រីមានផ្ទៃពោះ ជនពិការជាដើម ខណៈតម្លៃនៃការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ចំពោះប្រជាពលរដ្ឋទូទៅ ត្រឹម ១៥០០រៀលតែប៉ុណ្ណោះ៕ដោយ វុន សុខជា