មនុស្ស៨នាក់ត្រូវចាប់ខ្លួន ក្នុងករណីជួញដូរអាវុធ ចំនួន២៨ដើម ថែមទាំង…(ចុចអានបន្ត)

មនុស្សចំនួន០៨នាក់ (ស្រីម្នាក់) ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរអាវុធខុសច្បាប់ ប្រឆាំងនិង រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត រីឯមេក្លោង និងបក្ខពួកមួយចំនួនទៀត សមត្ថកិច្ច កំពុងតែស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។


ជនសង្ស័យទាំង៨នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន នៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តពោធិ៍សាត់ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ហើយត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។


បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា៖ អាវុធដែលដកហូត គឺអាកាស្វាយបត់ចំនួន២៨ដើម ត្រូវបានដកហូត ដោយជនសង្ស័យ កប់លាក់ទុកនៅក្នុងដី ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន២៥ដើម (អាកាស្វាយបត់) នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក ខេត្តកំពត រកឃើញកាំភ្លើងចំនួនពីរដើម (អាកាមួយដើម និងអឹមសីមួយដើម) និងនៅភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ រកឃើញកាំភ្លើងចំនួនមួយដើម (សេកាសេ) ក្រៅពីកាំភ្លើងមាន បង់ចំនួនពីរ គ្រាប់អាកាចំនួន១៧គ្រាប់ និង M16 ចំនួន២០គ្រាប់។


តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា៖ ក្រុមខ្លួនចង់ងើបបះបោរ ប្រឆាំងរាជរដ្ឋាភិបាល និងស្វះស្វែងប្រភពហិរញ្ញវត្ថុ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ និងជានាយសេនាធិការ បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែតុលា នេះថា ៖ ពិតជាមានការឃាត់ខ្លួនមនុស្ស ចំនួន០៨ នាក់ និងដកហូតកាំភ្លើង២៨ដើម ពិតប្រាកដមែន។ ហើយមានការឃាត់ខ្លួន ជាបន្តបន្ទាប់ទៀត ដោយលោកបញ្ជាក់ថា ៖ ចំពោះរឿងនេះ គឺមានជាប់ពាក់ព័ន្ធ បញ្ហាច្រើនណាស់។


ចំណែកលោកឧត្តមសេនីយ៍ អ៊ី សុខឃី ប្រធាននាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ៖ មនុស្សទាំង០៨នាក់ បានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញហើយ។


រីឯលោកលី សុផាណា អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី០១ ខែតុលា នេះថា៖ អយ្យការបានសម្រេចចោទប្រកាន់ មនុស្សទាំង៨នាក់ ពីបទរៀបចំចាត់តាំង ក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាតិ និងពីបទចូលរួម ក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ ហើយសំណុំរឿងនេះបានបញ្ជូន ទៅចៅក្រមស៊ើបសួរដើម្បី ចាត់ការបន្តតាមនីតិវិធី ៕

ប្រភព៖ សារពត៌មានខ្មែរឈ្នះ