ភ្នំពេញ៖ កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨មាន រថយន្តម៉ាក CHEVROLET ស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅរបាំងថ្មចែកទ្រូវផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ខ្ទាតរបាត់របាយពេញផ្លូវអស់៤កង់ ចំណែករថយន្តខ្ទេចផ្នែកចំហៀងខាងស្ដាំយ៉ាងដំណំ និងផ្នែកខាងមុខខ្ទេចស្ទើរទាំងស្រុង ហើយជាប់កល់បើកទៅមុខលែងរួច ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


នៅមុនកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា សល់ចំហាយតាំងពីយប់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក CHEVROLET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-3516 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកចំណុចកើតហេតុខាងលើ ស្រាប់តែឃើញរថយន្តរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ខ្ទាតរបាត់របាយពេញផ្លូវអស់៤កង់ ចំណែករថយន្តបង្កខ្ទេចផ្នែកចំហៀងខាងស្ដាំយ៉ាងដំណំ និងផ្នែកខាងមុខខ្ទេចស្ទើរទាំងស្រុង ហើយជាប់កល់បើកទៅមុខលែងរួច តែសំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។


សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែង រួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយលើការខូចខាតទ្រព្យសម្បត្តិរដ្ឋ ៕