វាយស្លាប់ម្នាក់ ព្រោះតែ​ជម្លោះ​ក្នុង​ពិធី​រាំ​ធុងបាស់​ក្នុង​វត្ត​ថ្ងៃបុណ្យ​ភ្ជុំ​ សមត្ថកិច្ចតាមប្រមាញ់ចាបបានជនសង្ស័យ២នាក់ ក្នុងចំណោម…(ចុចអានបន្ត)

ក្រចេះ ៖ កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់ពី​ពួកគេ​មាន​ជម្លោះ​ក្នុង​ពិធី​រាំ​ធុងបាស់​នៅ​វត្ត​ក្នុងស្រុកស្នួល ចំ​ថ្ងៃបុណ្យ​ភ្ជុំ​ធំ។
ជនសង្ស័យ​ទាំងពីរ ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យ​មាន​គ្នា​ចំនួន៤នាក់ បាននាំគ្នា​រាំលេង​កម្សាន្ត​នៅ​ចំណុច​វត្ត​គីឡូ៦៣ ភូមិ​ដូន​មាស៣ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ។ លុះ​រាំលេង​បាន​ប្រហែល៣បទ ស្រាប់តែ​ជនរងគ្រោះ​បាន​ឌឺដង និង​ចង្អុលមុខ​ក្រុម​ជនសង្ស័យ​នៅក្នុង​វង់រាំ ហើយក៏​ជិះ​ម៉ូតូ​ចេញមកក្រៅ។

ឃើញ​ដូចនេះ ជនសង្ស័យ​ទាំង៤ ក៏​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ពេល​ជិះ​ទៅដល់​ក៏​ដក​ខ្សែក្រវ៉ាត់​វាយ​ទៅលើ​ជនរងគ្រោះ ត្រូវចំ​កញ្ចឹងក ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពេល​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់។ ក្រោយពេល​កើតហេតុ កម្លាំង​ផ្នែក​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា។

កម្លាំង​សមត្ថកិច្ច​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន២នាក់ ដែលជា​ជនដៃដល់។ ដោយឡែក ជនសង្ស័យ​ចំនួន២នាក់​ទៀត ជា​អ្នក​ឌុប​ជនដៃដល់ បាន​រត់​គេចខ្លួនបាត់។

ជនសង្ស័យ​ទាំង៤ រួមមាន ១.ឈ្មោះ រុំ រ៉ា ភេទ​ប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិ​ដូន​មាស ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ, ២.ឈ្មោះ សួន ពិសី ភេទ​ប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (អ្នក​ទាំង២ ជា​ជនដៃដល់)។ ចំណែក​ឈ្មោះ ពុធ ចំរើន (ហៅ​វ៉េ​ត) ភេទ​ប្រុស អាយុ១៨ឆ្នាំ និង៤.ឈ្មោះ ផាង ទ្រា ភេទ​ប្រុស អាយុ១៩ឆ្នាំ អ្នក​ទាំង២ រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ឌុប​បាន​រត់​គេចខ្លួនបាត់។ ចំណែក ជនរងគ្រោះ​ឈ្មោះ អុល ហេង ភេទ​ប្រុស អាយុ១៧ឆ្នាំ រស់នៅ​ភូមិ​ជំនុំ​ពុល ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

ជនសង្ស័យ​ទាំង២នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត បន្ត​តាម​នីតិវិធី៕

ប្រភព៖ FB