សុន្ទរកថា​របស់​ ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ ការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាឲ្យកាន់តែវៃឆ្លាត

(ភ្នំពេញ) ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា ឆ្នាំ២០១៨ បានប្រារពជាផ្លូវការ នៅសាលពិព័រណ៍កោះពេជ្រ  នាថ្ងៃទី១១ ខែតុលានេះ ក្រោមវត្តមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋ  មន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់់ និងជាតំណាងដ៏ខ្ពង់ខ្ពស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន៥០០ក្រុមហ៊ុន មានស្តង់១៧៣ស្តង់ មកពី៨០ប្រទេសជុំវិញពិភពលោក និង មានស្ថាប័នទេសចរណ៍ជាតិ មកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ នៅក្នុងពិធីសម្ពោធបើក ឆ្នាំ២០១៨ ពិធីបើកសម្ពោធជាផ្លូវការ ពិព័រណ៍ទេសចរណ៍អន្តរជាតិ កម្ពុជា ២០១៨នេះថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ កាលពីឆ្នាំ២០១៧ ធ្វើនៅខេត្តសៀមរាប ទទួលបានជោគជ័យយ៉ាងធំធេងគួរជាទីមោទនៈ ហើយលើកទី២ ឆ្នាំ២០១៨នេះ  កាន់តែទទួលបានជោគជ័យដ៏ធំបន្ថែមទៀត ដោយស្ដង់កើនឡើងរហូតដល់៥៥,៩% ធៀបទៅនឹងស្ដង់ឆ្នាំ២០១៧។

 

 

នេះបានបង្ហាញឲ្យឃើញថា ព្រឹត្តិការណ៍ពិព័រណ៍ CTM គឺជាវេទិការធុរកិច្ចទេសចរណ៍ដ៏មានសារសំខាន់ក្នុងការជម្រុញផ្សព្វផ្សាយ លក់កញ្ចប់ទស្សនៈកិច្ច ក៏ដូចជាការជួបជុំគ្នា រវាងអ្នកទិញ និងអ្នកលក់ អ្នកជំនាញទេសចរណ៍ធ្វើការរួមគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន លើការធ្វើដំណើរទេសចរណ៍ចែករំលែកបទពិសោធន៍នានា ក្នុងអាជីវកម្មទេសចរណ៍ និងស្វែងរកវិធានការថ្មីៗរួមគ្នា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ឲ្យកាន់តែរីកចំរើនខ្លាំងឡើងបន្ថែមទៀត។

ឯកឧត្តម ថោង ខុន បញ្ជាក់ថា ព្រឹត្តិការណ៍នេះ បង្ហាញថា កម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក្នុងតំបន់ និងក្រៅពីការទស្សនាលំហែកម្សាន្ដ អាចជាគោលដៅសម្រាប់ទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗកំរិតអន្តរជាតិដូចជា MICE Event ជាក់ស្ដែងដូចជាព្រឹត្តិការណ៍ពិព័រណ៍ CTM នាពេលនេះ។ គោលដៅទេសចរណ៍កម្ពុជា ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចំរើនគួរជាទីមោទនៈ។ ឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥,៦លាននាក់ កើន១១,៨%ដែលបាននាំមកចំណូលដោយផ្ទាល់៣,៦ពាន់លានដុល្លាអាមេរិក ចាក់បញ្ចូលទៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ប្រមាណ១៣% នៃ ផលិតផលសរុបក្នុងស្រុក បង្កើតការងារដោយផ្ទាល់ចំនួន៦២ម៉ឺននាក់ និងបង្កើតការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។

ក្នុងរយៈពេល៨ខែឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៣,៩ លាននាក់   កើន ១១.៧%។  កម្ពុជាក៏រំពឹងថា នឹងទទួលបានទេសចរអន្តរជាតិចំនួន ៦,២ លាននាក់   នៅឆ្នាំ២០១៨ និងនៅឆ្នាំ២០២០ ជាង៧លាននាក់ នៅឆ្នាំ២០២៥ប្រមាណ១០លាននាក់ និងឆ្នាំ២០៣០ប្រមាណ១៥លាននាក់។ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី២ ឆ្នាំ២០១៨នេះ គោលដៅទេសចរណ៍កម្ពុជានឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយលើទីផ្សារអន្តរជាតិ និងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា និងតំបន់កាន់តែច្រើនបន្ថែមទៀតនៅពេលខាងមុខ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋ  មន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់់មានប្រសាសន៍ថា វិស័យទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ក៏ដូចជាបាន    ជម្រុញឱ្យប្រជាជនជុំវិញផែនដីផ្សាភ្ជាប់ទំនាក់ទំនងគ្នា តាមរយៈការធ្វើដំណើរទស្សនាចរណ៍ដែលបង្កើតជាភាពស្និតស្នាលសាមគ្គីភាពនិងស្វែងយល់ពីគ្នាទៅវិញទៅមកពីវប្បធម៌ចម្រុះជាតិសាសន៍ជុំវិញពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិទេសចរណ៍ជាវិស័យអាទិភាពមួយ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បានចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ វិស័យនេះក៏បានធ្វើឱ្យកម្ពុជាស្មើមុខស្មើមាត់ ជាមួយ   បណ្តារប្រទេសនានា ក្នុងតំបន់ នៅលើឆាកអន្តរជាតិ តាមរយៈការទទួលបានពានរង្វាន់ លំដាប់ថ្នាក់ពិភពលោកជាច្រើន ពីស្ថាប័នអន្តរជាតិ ល្បីៗជាបន្តបន្ទាប់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាជា “មាសបៃតង” បាននិងកំពុងបោះជំហានរីកចំរើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាល បានប្តេជ្ញាក្នុងការថែរក្សា ឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ដើម្បីបន្តអភិវឌ្ឍន៍ ប្រទេសឱ្យរីកចំរើនលើគ្រប់វិស័យ ដើម្បីប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសមានចំណូលមធ្យម កំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្រៅពីនេះរាជរដ្ឋាភិបាល ក៏ប្តេជ្ញាចិត្ត បន្តអនុវត្តវិធានការគន្លឹះសំខាន់ៗ មួយចំនួន ដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍ ទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលផ្តោតខ្លាំងទៅលើឌីជីថលរូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍន៍ជាវិជ្ជមាន និងកាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន បច្ចេកវិទ្យាទំនើប សម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់ បច្ចេកវិទ្យាទំនើប ឬអាចហៅបានថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត៕ ដោយ សុខជា

សូមអានសុន្ទរកថាខាងក្រោមនេះ៖